សំរាមជាង ៦ តោន បន្ថែមទៀត​ ត្រូវអង្គការសម្អាតទន្លេស្រង់ចេញពីទន្លេ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ អង្គការសម្អាតទន្លេ សមុទ្រ និងមន្ទីរបរិស្ថានខេត្តកណ្ដាល បានសហការរៀបចំកម្មវិធីផ្សព្វផ្សាយការថែទាំបរិស្ថានសម្រាប់សាលា និងសហគមន៍មានភូមិសាស្រ្តជាប់ទន្លេ ដើម្បីបញ្ជៀសការបំពុលទន្លេ បន្តក្រោមបេសកកម្មសំអាតទន្លេរយ:ពេល៥ ឆ្នាំ ឧបត្ថម្ភដោយក្រុមហ៊ុន Leader Energy Group Berhad នៅត្រង់តំបន់ទន្លេសាប ភូមិព្រែកល្វា ឃុំពញាឮ ជិតវត្តពាមសត្ថរាម។

កម្មវិធីផ្សព្វផ្សាយការថែទាំបរិស្ថានទន្លេនេះ ក្នុងគោលបំណង បង្កើនចំណេះដឹងពីសារសំខាន់នៃទន្លេ ចំណេះដឹងអំពីការគ្រប់គ្រងកាកសំណល់រឹងតាមផ្ទះ សាលា ភូមិឃុំ ដើម្បីបញ្ជៀសការបំពុលទន្លេ និងចំណេះដឹងពីការលើកកម្ពស់ដើម្បីកាត់បន្ថយសំណល់ (Refuse, reduce, reuse, recycle)។

ក្រៅពីការអប់រំផ្សព្វផ្សាយ អង្គការសម្អាតទន្លេ សមុទ្រក៏បានធ្វើសកម្មភាពសំអាតសំរាមប្លាស្ទិកចេញពីចំណុចស្ពានទល់មុខវត្តពាមសត្ថរាម ដែលមានសំរាមជាច្រើន ដែលអាចនឹងហូរចូលទន្លេសាប នៅរដូវវស្សាដែលនឹងចូលមកដល់ឆាប់ៗនេះ។ ជាក់ស្ដែង អង្គការសំអាតទន្លេ សមុទ្របានសំអាត ២ លើកមកហើយ ដែលប្រមូលបានប្រមាណ៦តោន ស្មើនឹង ៤០ភាគរយនៃសំរាមសរុប។

លោក នូ សុវណ្ណ នាយកប្រតិបត្តិ របស់អង្គការសម្អាតទន្លេ សមុទ្រ បានឱ្យដឹងថា ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មកដល់ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ អង្គការសម្អាតទន្លេ សមុទ្រ បានប្រមូល និងស្រង់សំរាមប្រមាណ ១ ពាន់ ៨ រយតោន ចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

លោក នូ សុវណ្ណបញ្ជាក់ថា ជំហានបន្ទាប់ អង្គការនឹងប្រមូលសំរាមឱ្យអស់ពីក្រោមស្ពាន ដើម្បីធានាថាទន្លេ និងប្រភព​ទឹកទាំងអស់មិនត្រូវបានបំពុលដោយសំណល់ប្លាស្ទិក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds