ទិវាមច្ឆជាតិជារៀងរាល់ឆ្នាំ គឺដើម្បីបំផុសអោយចូលរួមអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល
ភ្នំពេញ៖ កម្ពុជាប្រារព្ធទិវាមច្ឆជាតិនៅថ្ងៃទី0១ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាចូលរួមទូទាំងប្រទេស ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ក្នុងគោលបំណងបង្កើនស្តុកត្រី ធានាសន្តិសុខសង្គម និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិតណាស់ វិស័យជលផលនៅកម្ពុជា នៅតែជាជន្ទល់សេដ្ឋកិច្ចជាតិ ដោយបានផលិតត្រី និងសត្វវារីជាតិផ្សេងទៀតប្រមាណ ៥៥០.០០០ តោន ជារៀងរាល់ឆ្នាំ និងរួមចំណែកដល់ GDP របស់ជាតិប្រមាណ ១២%។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការថែរក្សាធនធានជលផលកម្ពុជា កិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធី CAPFISH-Capture ឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព។
ថ្វីដ្បិតតែឧស្សាហកម្មនេះមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដោយ វិស័យនេះកំពុង ប្រឈមនឹងបញ្ហាសំខាន់ៗមួយចំនួន ដែលប៉ះពាល់ដល់ភាពគង់វង្សនៃធនធានជលផល ដូចជា ការនេសាទខុសច្បាប់ ការនេសាទហួសកម្រិត ការបំផ្លាញជម្រកធម្មជាតិ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាដើម។
ការទាញយកផលពីធនធានធម្មជាតិហួសកម្រិតតែងនាំឱ្យមានបញ្ហាដល់ប្រព័ន្ធអេកូឡូស៊ី និងភាពគង់វង្សនៃធនធាន ហើយ នៅកម្ពុជា វាក៏មិនខុសគ្នានោះដែរ។ រដ្ឋាភិបាលបានផ្ដួចផ្ដើមដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារវិស័យជលផល និងធនធានសមុទ្រផ្សេងទៀត។ ស្តុកត្រីសមុទ្រនៅក្នុងពិភពលោកជិត ៩០ ភាគរយបច្ចុប្បន្ន ត្រូវបានប្រើប្រាស់ទាំងស្រុង ឬត្រូវបាននេសាទហួសកម្រិត ហើយការចាប់ត្រីពីធម្មជាតិ ក៏កំពុងជួបនឹងការលំបាកដោយសារតែពុំមានក្របខ័ណ្ឌគតិយុត្តឱ្យបានច្បាស់លាស់ និងការពង្រឹងការអនុវត្តច្បាប់ឱ្យបានរឹងមាំ។
ជាមួយនឹងការសម្ពោធចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០១៩ កម្មវិធី CAPFISH-Capture គឺជាគំនិតផ្ដួចផ្ដើមសហការរវាងសហភាពអឺរ៉ុប រដ្ឋបាលជលផលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន។ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងការអភិរក្ស ការគ្រប់គ្រង និងការអនុវត្តច្បាប់ជលផល រួមទាំងការអនុវត្តផែនការសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) នៅតាមតំបន់ទឹកសាប និងសមុទ្រ។
លោក Tihamér CZIKA ភារៈធារីនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានអោយដឹងថា “ឧស្សាហកម្មជលផលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយផ្តល់ការគាំទ្រដ៏សំខាន់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបចំពោះបញ្ហាប្រឈមនានា ដូចជា ការនេសាទខុសច្បាប់ ការនេសាទហួសកម្រិត ការបំផ្លាញជម្រកធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជារឿងដែលសំខាន់ និងចាំបាច់។ កម្មវិធី CAPFISH-Capture ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហភាពអឺរ៉ុប រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការគាំទ្របន្ថែមពីអង្គការ FAO កំពុងឆ្លើយតបចំពោះបញ្ហាទាំងនេះយ៉ាងសកម្ម។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងការពារបរិស្ថានសមុទ្រ និងទឹកសាបរបស់កម្ពុជា តាមរយៈការជំរុញការអនុវត្តច្បាប់ ជួយក្នុងការកែទម្រង់ច្បាប់ និងពង្រឹងសមត្ថភាពជាតិជាដើម។ យើងប្ដេជ្ញាធានាឱ្យបាននូវអនាគតប្រកបដោយចីរភាពសម្រាប់ធនធានជលផលកម្ពុជា និងសហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះ។”
លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានអោយដឹងដែរថា “អង្គការ FAO ប្ដេជ្ញាគាំទ្រកម្មវិធី CAPFISH-Capture ដែលកំពុងនាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដល់ការគ្រប់គ្រងធនធាន
ជលផលនៅកម្ពុជា តាមរយៈការលើកកម្ពស់ការអនុវត្តច្បាប់ ការអនុវត្តការកែទម្រង់ច្បាប់ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សជាដើម។ តាមរយៈការអនុវត្តឧបករណ៍ប្រកបដោយនវានុវត្តន៍ និងការលើកទឹកចិត្តឱ្យមានការ
អនុវត្តប្រកបដោយចីរភាព យើងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅការកសាងអនាគតប្រកបដោយភាពធន់ និង
ចីរភាពសម្រាប់ធនធានវារីជាតិ និងសហគមន៍នៅកម្ពុជា។”
ដោយឡែកឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល មានបានអោយដឹងដែរថា “ដោយមានការគាំទ្រដ៏មានតម្លៃពីកម្មវិធី CAPFISH-Capture ក្រោមថវិកាគាំទ្រពីសហភាពអឺរ៉ុប និងអង្គការ FAO ក្នុងការរួមចំណែកដល់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព យើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
យោងតាមសន្ទស្សន៍ហានិភ័យនេសាទ IUU ដែលវាស់វែង និងដាក់ចំណាត់ថ្នាក់ប្រទេសនានា ផ្អែកលើភាពងាយរងគ្រោះនៃប្រទេសទាំងនោះ និងការឆ្លើយតបចំពោះការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លទ្ធផលនៃការវាយតម្លៃការនេសាទ IUU ជាសកលបង្ហាញថា កម្ពុជាឈរនៅលំដាប់ទី ៣ ក្នុងចំណោម ១៥២ ប្រទេសនៅឆ្នាំ ២០១៩ និងលំដាប់ទី ២៣ នៅឆ្នាំ ២០២១ និងលំដាប់ទី៥១ នៅឆ្នាំ ២០២៣។”
ទៅថ្ងៃមុខ កម្មវិធី CAPFISH-Capture នៅតែប្ដេជ្ញាចិត្តក្នុងការធានាអនាគតប្រកបដោយចីរភាពសម្រាប់ធនធានជលផលនៅកម្ពុជា និងសហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះ។ តាមរយៈការលើកកម្ពស់ការសហការ នវានុវត្តន៍ និងការកែលម្អជាបន្ដបន្ទាប់នៃអភិបាលកិច្ច និងការអប់រំ គម្រោងនេះមានគោលបំណងត្រួសត្រាយផ្លូវ សម្រាប់ប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកបដោយភាពធន់ និងវិស័យជលផលដែលបន្តមានការរីកចម្រើន ដែលធានាបាននូវវិបុលភាពសម្រាប់មនុស្សរាប់ជំនាន់នាពេលអនាគត៕