ពិព័រណ៍ផ្សព្វផ្សាយនិងចែក​កូនឈើ «ពន្លកបៃតង»ត្រៀមកូនឈើជាង៤ម៉ឺនដើមចែកជូនពលរដ្ឋ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីការត្រៀម​​​រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែក​កូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។

ថ្លែងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌នេះ ក្រសួងត្រៀមកូនឈើប្រមាណ៣៧,៥០០ដើម ប្រជាពលរដ្ឋដែលចូលរួមនឹងទទួលបានកូនឈើចំនួន១០ដើម ក្នុង១នាក់ ដោយឥតគិតថ្លៃ។ តាមការណែនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្ត នាំយកកូនឈើដែលបណ្តុះរួចចំនួន ១០០០ដើម គ្រប់មន្ទីរបរិស្ថាន។

មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា «អ៊ឹចឹងយើងមានកូនឈើនៅទីនេះ សម្រាប់ចែកជូនប្រមាណ ៣៧,៥០០ដើម ដែលបានមកពីមន្ទីរបរិស្ថានរាជធានី ខេត្ត អង្គការដៃគូមួយចំនួនជួយ ៧០០០ដើម ដូច្នេះ នៅទីនេះយើងមាន ៤៤,៥០០ដើម ខណៈនៅតាមថ្នាលបណ្តុះកូនឈើយើងមាន ១,៣០០,០០០ដើម សម្រាប់ត្រៀមចែកជូនបងប្អូនប្រជាពលរដ្ឋ កូនឈើដែលត្រៀមចែកជូនប្រជាពលរដ្ឋមានកូនឈើប្រណិត កូនឈើហូបផ្លែ កូនឈើសម្រាប់ការតាំងលំអរ»

ដោយឡែកលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ពិព័រណ៍នេះមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាំពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។

ព្រឹត្តិការណ៍ «ពន្លកបៃតង» នឹងប្រារព្ធបើកជាផ្លូវការ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds