“អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រគល់កូនឈើចំនួន ២០ ០០០ ដើម ដល់រដ្ឋបាលស្រុកវាលវែង”
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបរិច្ចាគកូនឈើចំនួន ២០ ០០០ ដើម ជូនរដ្ឋបាលស្រុកវាលវែងជាការបង្ហាញនូវការគាំទ្រដល់យុទ្ធនាការ “ដាំដើមឈើមួយលានដើម”។ ពិធីប្រគល់កូនឈើនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែង ដើម្បីធ្វើការចាប់ផ្តើមដាំកូនឈើទាំងអស់ជាផ្លូវការនៅក្នុងមូលដ្ឋាន។
ការបរិច្ចាគកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីបង្ហាញនូវការគាំទ្រដល់យុទ្ធនាការ “ដាំដើមឈើមួយលានដើម” របស់រដ្ឋាភិបាលកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបណ្តុះកូនឈើប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទ នៅថ្នាលបណ្តុះកូនឈើជីផាត ខេត្តកោះកុង ដែលឥឡូវនេះកូនឈើត្រូវបានត្រៀមរួចជាស្រេចដើម្បីយកទៅដាំ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានគោលបំណងការពារតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ និងធ្វើការដាំស្តារព្រៃឈើដែលបានបាត់បង់ឡើងវិញផងដែរ។ ការបរិច្ចាគនេះបានធ្វើឡើងឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីឆ្នាំមុន ដើម្បីធ្វើការដាំដើមឈើយ៉ាងតិចមួយលានដើមជារៀងរាល់ឆ្នាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានបានធ្វើការរួមគ្នាអស់រយៈពេលជាង២ ទសវត្សមកហើយក្នុងកិច្ចការពារព្រៃរងទឹកភ្លៀងរបស់កម្ពុជា ហើយយុទ្ធនាការនេះនឹងជួយពង្រឹងបន្ថែមទៅលើគោលបំណងនោះ។
លោក ចន វីល្លីស នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអោយដឹងថា «យើងបានដឹកជញ្ជូនកូនឈើចំនួន ២០ ០០០ ដើម ដើម្បីប្រគល់ជូនរដ្ឋបាលស្រុកវាលវែង ហើយយើងរំពឹងថា កូនឈើដែលបានបរិច្ចាគនឹងជួយស្តារតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញឡើងវិញ»។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចការស្តារគម្របព្រៃឈើរបស់កម្ពុជាឡើងវិញ និងរដ្ឋបាលស្រុកវាលវែង លើការផ្តល់តម្លៃ និងទទួលស្គាល់នូវការបរិច្ចាគកូនឈើទាំងនេះ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃជឿជាក់ថា ការផ្តួចផ្តើមគំនិតការដាំស្តារព្រៃឈើឡើងវិញ នឹងជះឥទ្ធិពលជាវិជ្ជមានលើបរិស្ថាន ក៏ដូចជាចូលរួមចំណែកក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលលើឆាកអន្តរជាតិផងដែរ។
”លោក មុំ បូផាន់ អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង បានអោយដឹងដែរថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកនៅពេលនេះ គឺដើម្បីឆ្លើយតបទៅយុទ្ធនាការ “ដាំដើមឈើមួយលានដើម”។ «ខ្ញុំ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ នៅការជួយឧបត្ថមកូនឈើ ដើម្បីដាំនៅស្រុកវាលវែង ក្នុងគោលបំណងអោយក្លាយជាធម្មជាតិបៃតងឡើងវិញ»៕