EURO 2024 ៖ ម្ចាស់ផ្ទះអាល្លឺម៉ង់កក់កៅអី១៦ក្រុមចុងក្រោយមុនគេ ខណៈក្រូអាតប្រឈមធ្លាក់
ពានរង្វាន់លំដាប់ទី១ទ្វីបអឺរ៉ុប EURO 2024 ឈានដល់ជុំទី២ នៅក្នុងពូលក្នុងនោះក្រុមបាល់ទាត់ជម្រើសជាតិម្ចាស់ផ្ទះអាល្លឺម៉ង់បានឡើងវគ្គ១៦ក្រុមចុងក្រោយមុនគេ បន្ទាប់ពីទទួលបានជ័យជម្នះ២លើកនៅវគ្គសន្សំពិន្ទុក្នុងពូល ខណៈក្រូអាតកាន់តែឈមនឹងអស់ឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ។
ការប្រកួតសន្សំពិន្ទុពូល A ជុំទី១ អាល្លឺម៉ង់បានយកឈ្នះ ស្កុតឡែន ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី១៤ ខែមិថុនា និងការប្រកួតលើកទី២បានយកឈ្នះ ហុងគ្រី ដោយលទ្ធផល ២-០ មាន៦ពិន្ទុពេញ ឈរលើកំពូលតារាង។ ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយ អាល្លឺម៉ង់ ត្រូវប៉ះស្វីស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ការប្រកួត៣គូកាលពីយប់មិញ ក្រុមក្រូអាតរងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានត្រឹមស្មើដោយលទ្ធផល ២-២ ជាមួយអាល់បានី។ ក្រូអាតទើបតែរកបាន១ពិន្ទុប៉ុណ្ណោះពីការស្មើ១ និងចាញ់១ កំពុងឈរបាតតារាង។ ការប្រកួតសន្សំពិន្ទុចុងក្រោយ ក្រូអាតប៉ះក្រុមខ្លាំងអ៉ីតាលី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដូច្នេះក្រូអាតកំពុងប្រឈមនឹងអត់បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ជាមួយគ្នានេះ ស្កុតឡែន និង ស្វីស បានចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ១-១។ ស្វីសមាន៤ពិន្ទុ កំពុងឈរលេខ២ក្នុងពូល ហើយ ស្កុតឡែន មាន១ពិន្ទុ ឈរលេខ៣ និងហុងគ្រីមិនទាន់មានពិន្ទុទេ ឈរនៅបាតតារាង។
អាល្លឺម៉ង់ ជាក្រុមដែលត្រូវបានអ្នកវិភាគមើលថា មានលទ្ធភាពខ្ពស់ក្នុងការឈានឆ្ពោះទៅដល់វគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងពូលជាមួយគ្នាគ្មានក្រុមណាដែលជាឧបសគ្គធំសម្រាប់ម្ចាស់ផ្ទះឡើយ។ ប្រសិនបើពួកគេឈរលេខ១ក្នុងពូល A នោះពួកគេនឹងត្រូវជួបក្រុមលេខ២ក្នុងពូល C ប៉ុន្តែប្រសិនបើឈរលេខ២ក្នុងពូល A នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល B៕