រដ្ឋមន្រ្តី ហេង សួរ៖ TVETជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី

ភ្នំពេញ៖ ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់ បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់តម្លើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។

ថ្លែងក្នុងពិធីបិទ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើបTVET អាចបញ្ជ្រាបទៅក្នុងទស្សនៈយុវជន និងសង្គម ហើយទទួលយក TVET ជាស្ពាន ជាថ្នាលដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។

ឯកឧត្តមថ្លែងថា «យើងសង្ឃឹមថា យុវជនដែលទើបតែដល់វ័យ ចូលទីផ្សារការងាររើសជំនាញ TVET មួយដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន»។

លោករដ្ឋមន្រ្តីបន្ថែមថា ការផ្តួចផ្តើមពង្រីកវេនសិក្សាចំនួន៧វេននេះ នឹងផ្តល់ភាពងាយស្រួលដល់ ដល់សិស្ស និងកម្មករនិយោជិត និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាក្នុងប្រព័ន្ធ មានពេលវេលា និងឱកាសបានចូលរៀន ហើយនៅតែអាចបន្តការងាររកប្រាក់ចំណូលប្រចាំថ្ងៃបានដដែល។

វេនសិក្សាទាំង៧នោះរួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែកជា៣ម៉ោងពេលល្ងាច ឬ២ម៉ោងពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា២វេនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍អាទិត្យតែម្តង និងវេនតែថ្ងៃអាទិត្យតែមួយ។

បើតាមលោករដ្ឋមន្ត្រី វគ្គសិក្សាតាមវេននីមួយៗមានរយៈពេលខុសគ្នា ចាប់ពី៤ខែទៅ១២ ខែអាស្រ័យទៅតាមវេនដែលសិស្ស និងកម្មករនិយោជិត បានចុះឈ្មោះចូលរៀន។ លោក ហេង សួរ បញ្ជាក់ថា៖« ការរៀបចំវេនសិក្សាបែបនេះ ជាពិសេសវេនល្ងាច វេនយប់ និងចុងសប្តាហ៍ និងអនុញ្ញាតឱ្យយុវជន និងកម្មករនិយោជិតអាចចុះឈ្មោះពេលណាមួយដែលសមស្រប និងងាយស្រួលសម្រាប់ខ្លួន ខណៈដែលពួកគេនៅតែបន្តធ្វើការងារ និងធានាបានស្ថេរភាពនៃប្រភពចំណូលរបស់ខ្លួន»។

ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ ៦ ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ ៣ ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះបានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុ សិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែច្រើនជាងមុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds