រដ្ឋមន្ត្រីអប់រំ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច
ភ្នំពេញ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការជំរុញអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ នេះជាការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃការបើកការទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់យកអាទិភាពគន្លឹះ៥ ដោយបន្ថែមបច្ចេកវិទ្យា និងបន្តយក មនុស្ស ជាអាទិភាពទី១ ។ អាទិភាព “មនុស្ស” ត្រូវបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍធនធានមនុស្ស” ដោយក្នុងនោះ “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស” គឺជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយ ដោយបានកំណត់យ៉ាងច្បាស់ក្នុងមុំទី២ នៃបញ្ចកោណទី១។
លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព “ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណ ១,៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ”។ ឯកឧត្តមចាត់ទុកថា គឺជាព្រឹត្តិការណ៍ និងជាចលនាជាតិយ៉ាងសំខាន់ក្នុងការជំរុញ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅចូលរួមក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែសកម្ម និងច្រើនឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏មានជំនឿយ៉ាងមុតមាំថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នាឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ឥរិយាបទការងារ ជំនាញបច្ចេកទេស សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេសដែលមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល បង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តមគាំទ្រចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើនវេនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានច្រើន ដែលមានភាពបត់បែន និងឆ្លើយតបទៅនឹងតម្រូវការអ្នកសិក្សា យុវជន រួមទាំងកម្មករនិយោជិតក្នុងការអភិវឌ្ឍជំនាញ, ផ្លាស់ប្តូរជំនាញ និងបង្កើនជំនាញ ព្រមទាំងបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចុលរួមអភិវឌ្ឍវិស័យ TVET ដូចជាការផ្តល់កន្លែងកម្មសិក្សា ហាត់ការ និងឱកាសការងារជូនដល់សិស្ស និស្សិត និងសិក្ខាកាម, ការរៀបចំកម្មវិធីផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញ, ការចូលរួមជំរុញ និងអនុវត្តកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពដែលបានពីមុន និងសមត្ថភាពបច្ចុប្បន្ន និងកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ (Work-based learning)៕