សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអោយដឹងថា ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍ ប្រទេសជាតិពីបាតដៃទទេ។ នេះបើយោងតាមសារលិខិត ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតីបានបន្ថែមថា កត្តាសុខសន្តិភាពពេញលេញដែលទទួលបានពីការដាក់ចេញ និងអនុវត្តដោយ ជោគជ័យទាំងស្រុងនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ព្រមជាមួយនឹងការដាក់ ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២ទសវត្សរ៍ មុនផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពី ការរីករាលដាលជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ភាពស្រុតចុះនៃទំនុកចិត្តវិនិយោគនិងភាពមិនប្រាកដ ប្រជានៃសេដ្ឋកិច្ចអឺរ៉ុប សហរដ្ឋអាម៉េរិក និងចិន។
ទន្ទឹមនឹងនេះ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងស្ថានភាពទីផ្សារការងារនៅកម្ពុជា ក៏កាន់តែមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់។ ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងវ័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុងចន្លោះឆ្នាំ២០២៣-២០២៨។
សូមជម្រាបថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការ ផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស៕