ក្រសួង បរិស្ថាន និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា បំពាក់ប្រព័ន្ធ ស្រោចស្រព ប្រើប្រាស់ ថាមពល ពន្លឺព្រះ អាទិត្យ សម្រាប់ ថ្នាល បណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MOU) ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងនៅកម្ពុជា»។ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងស្ថិតនៅឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនានេះ ទីស្តីការក្រសួងបរិស្ថាន ដោយមានសក្ខីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ចូសេប ហូ  អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមរដ្ឋមន្ត្រីថា «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន​កូកា-កូឡាកម្ពុជា ដែលផ្ដល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះ ដែលនឹងរួមចំណែកជួយដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព សំដៅជួយឲ្យកម្ពុជាអាចបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអព្យាក្រឹតកាបូន»។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ការរៀបចំ ព្រឹត្តិការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

ដោយឡែកលោក ចូសេប ហូ បានថ្លែងថា «ក្រុមហ៊ុនកូកា-កូឡាកម្ពុជាយើងខ្ញុំ សូមធ្វើការកោតសរសើរដល់ការដឹកនាំរបស់ក្រសួងបរិស្ថាន ដែលបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបង្អស់នេះឡើង។ ការផ្ដល់ប្រព័ន្ធស្រោចស្រពជូនក្រសួងបរិស្ថាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងការចូលរួមការពារភពផែនដីរបស់យើង។ ក្រុមហ៊ុនយើងខ្ញុំបាននិងកំពុងខិតខំប្រឹងប្រែងចូលរួមកាត់បន្ថយ​ការបំភាយឧស្ម័នកាបូនិក (CO2) ពីប្រតិបត្តិការ និងខ្សែច្រវ៉ាក់តម្លៃរបស់យើង ដែលជាសកម្មភាពមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ក្រុមហ៊ុនមេរបស់យើងគឺ ស្វាយអឺ កូកា-កូឡា លីមីធីត។ ការផ្ដល់ប្រព័ន្ធស្រោចស្រពជូនក្រសួងបរិស្ថាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមការពារភពផែនដីរបស់យើង។ គំនិតផ្តួចផ្តើមនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាទាំងមូលចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

ស្រដៀងគ្នាដែរ​ កាល​ពីដើម​ឆ្នាំ២០២៣ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បាន​ប្រគល់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ​សម្រាប់ថ្នាល​បណ្តុះកូន​ឈើ​នៅ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​ខេត្ត​កំពង់ស្ពឺ និងនៅឆ្នាំ២០២១ ក្រុមហ៊ុនបានផ្ដល់ប្រព័ន្ធអណ្តូងទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ មួយឈុតសម្រាប់ទីតាំងថ្នាលបណ្តុះកូនឈើរបស់អាជ្ញាធរអប្សរា ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ដែរថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងបរិស្ថាន ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា គឺជាការបើកឱកាសឱ្យមានការ ចូលរួមចំណែក និងការទទួលខុសត្រូវពីក្រុមហ៊ុនធ្វើអាជីវកម្មនៅកម្ពុជា ក្នុងន័យលើកស្ទួយវិស័យបរិស្ថានជាតិ សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋភិបាលកម្ពុជា ឈានឆ្ពោះទៅភាពស្អាតទម្លាប់ស្អាត ប្រកបដោយអនាម័យ ដែលនឹងផ្តល់នូវផាសុខភាពជូនដល់ប្រជាពលរដ្ឋគ្រប់រូប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds