ADB ប្តេជ្ញាផ្តល់ហិរញ្ញប្បទាន១,២៦៣ពាន់លានដុល្លារដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាក្នុងរយៈ៥ឆ្នាំ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានផ្ទាល់ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១,២៦៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ហិរញ្ញប្បទាននេះក៏ជាការចូលរួមចំណែកក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០។
ថ្លែងក្នុងពិធីសម្ពោធស្ថានតំណាងថ្មីរបស់ធនាគារអភិវឌ្ឍអាស៊ី ADB នៅអគារវឌ្ឍនៈ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ADB បានផ្តល់កម្ចីសម្បទានសម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោង និងកម្មវិធីចំនួន ១៣៧ ដែលបានបញ្ចប់ចំនួន ៨៨ និងកំពុងដំណើរការចំនួន ៤៩ គម្រោង។ ថវិកាប្រមាណ ៥៦៨ លានដុល្លារ គឺជាជំនួយឥតសំណងសម្រាប់គម្រោង និងកម្មវិធីចំនួន ៧០ ដែលបានបញ្ចប់ចំនួន ៤៤ និងកំពុងដំណើរការចំនួន ២៦។
លោកថា គិតត្រឹមបំណាច់ ឆ្នាំ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួនជាង ២០០គម្រោង មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៨ប៊ីលានដុល្លារអាមេរិក រួមមាន៖ ឥណទានសម្បទានចំនួន ៤,២ប៊ីលានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១៣៧ ក្នុងនោះគម្រោងចំនួន ៨៨ ត្រូវបានបញ្ចប់ និងគម្រោងចំនួន ៤៩ កំពុងដំណើរការ។
លោកបន្ថែមថា សម្រាប់ហិរញ្ញប្បទានឥតសំណងវិញគឺមានទឹកប្រាក់ប្រមាណ ៥៦៨លានដុល្លារអាមេរិក គឺសម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ៧០ ក្នុងនោះគម្រោងចំនួន ៤៤បានបញ្ចប់ និងចំនួន ២៦ កំពុងដំណើរការ។ លោកឧបនាយករដ្ឋមន្រ្តីថា៖« សម្រាប់យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដែលទើបតែអនុម័តថ្មីកន្លងមកនេះ នឹងជួយជំរុញល្បឿននៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចបាននូវបង្គោលចរឆ្នាំ ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់»។
ប្រទេសកម្ពុជាដែលជាសមាជិកស្ថាបនិករបស់ ADB ចាប់តាំងពីឆ្នាំ១៩៦៦ បានទទួលប្រាក់កម្ចីដំបូងចំនួន ១,៦៧ លានដុល្លារសម្រាប់គម្រោងបញ្ជូនតង់ស្យុងខ្ពស់នៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៧០។ កិច្ចសហប្រតិបត្តិការត្រូវបានផ្អាកពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៩០ ដោយសារតែជម្លោះផ្ទៃក្នុង និងរបបខ្មែរក្រហម ដែលបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
លោកថា «ប្រទេសកម្ពុជាគឺជាសមាជិកស្ថាបនិកមួយរបស់ ADB។ ចាប់តាំងពីពេលនោះមក ហិរញ្ញប្បទានរបស់ ADB បានដើរតួយ៉ាងសំខាន់ក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់យើង ជំរុញសមត្ថភាពពាណិជ្ជកម្មរបស់យើង និងគាំទ្រដល់វិស័យអប់រំ និងកសិកម្មរបស់យើង»។
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍអាស៊ី (ADB) បានឱ្យដឹងថា ការបើកស្ថានតំណាងថ្មីរបស់ ADB នៅចំកណ្តាលរាជធានីភ្នំពេញ គឺជាការអបអរសាទរមិនត្រឹមតែស្ថានតំណាងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណងដ៏ស៊ីជម្រៅ និងគោលដៅអភិវឌ្ឍន៍រួមគ្នារវាង ADB និងកម្ពុជាផងដែរ។ «កិច្ចខិតខំប្រឹងប្រែងរបស់យើងបានពង្រីកវិស័យជាច្រើន ដោយផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការអប់រំ កសិកម្ម និងសេវាសុខាភិបាល ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាជនកម្ពុជា»។
ការសម្ពោធស្ថានតំណាងថ្មីនេះស្របពេលនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ឆ្នាំ ២០២៤-២០២៨។ យុទ្ធសាស្ត្រនេះមានគោលបំណងពន្លឿនការអភិវឌ្ឍន៍របស់កម្ពុជា ឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាមួយនឹងថវិកាដែលបានគ្រោងទុកប្រមាណ ១,២៦៣ លានដុល្លារ និងការកៀងគរបន្ថែមចំនួន ២៨៣ លានដុល្លារពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
លោក Asakawa បាននិយាយថា «វាសង្កត់ធ្ងន់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍មូលធនមនុស្ស និងភាពធន់នឹងអាកាសធាតុ ខណៈពេលដែលការជំរុញអាទិភាព ដូចជា អភិបាលកិច្ច សមភាពយេនឌ័រ ឌីជីថលភាវូបនីយកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្ម»៕