សហជីពចំនួន២ ហៅរបាយការណ៍របស់សង់ត្រាល់មិនឆ្លុះបញ្ចាំងពីស្ថានភាព ពិតនៃវិស័យកាត់ដេរនៅកម្ពុជាដោយគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) និងសម្ព័ន្ធសហជីពចលនាកម្មក(CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការរកឃើញរបស់សង់ត្រាល់ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ។ ការចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់ បានចេញរបាយការណ៍កាលពីថ្ងៃទី៤ខែមិថុនា កន្លងទៅស្តីពីសេរីភាពសហជីពនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) បានសង្កត់ធ្ងន់ថា របាយការណ៍សង់ត្រាល់គ្រាន់ តែជាផ្នែកមួយនៃព័ត៌មានបន្ថែមក្នុងការជំរុញឲ្យសេរីភាពសហជីព កាន់តែប្រសើរប៉ុណ្ណោះ ដែលមិនអាចតំណាងឱ្យស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជានោះឡើយ ព្រោះសហជីពនៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង៦០០០ផ្សេងទៀត កំពុងអនុវត្តសកម្មភាពរបស់ខ្លួនទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធម្មតា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា`«សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាងបានតាមវត្តមានរបស់ស៊ីខៅឌូ និង សកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាន និងកំពុងជួបឧបសគ្គខ្លះៗដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជារាជរដ្ឋាភិបាល និយោជក ម្ចាស់ម៉ាក និងអង្គការដៃគូពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាបន្តបន្ទាប់។ ចំពោះកិច្ចការទំនាក់ទំនងវិជ្ជាជីវ:នៅក្នុងឧស្សាហកម្មកម្ពុជាមានស្ថានភាពល្អ និង អាចគ្រប់គ្រងបានដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍កម្មករ និយោជិត ឲ្យប្រសើរឡើង»។
ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មក(CUMW) លោកប៉ាវ ស៊ីណា វិញហៅរបាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដោយធ្វើការតែជាមួយសហជីពចំនួនពីរ និងធ្វើបទសម្ភាសន៍ជាមួយរោងចក្រ១០ប៉ុណ្ណោះ ដូចនេះមិនអាចចាត់ទុកត្រឹមត្រូវឡើយ។
លោកប៉ាវ ស៊ីណា ថា ក្នុងរបាយការណ៍ ប្រើឈ្មោះតែ២ស្ថាប័នប៉ុណ្ណោះ CATU & CCAWDU ហើយយកគោលដៅតែ១៤ រោងចក្រក្នុងចំណោមជាង៧០០រោងចក្រ ជាសមាជិក BFC”។ សម្រាប់ប្រធានសម្ព័ន្ធសហជីពចលនាកម្មក របាយការណ៍ដែលមិនឆ្លុះបញ្ចាំងស្ថានភាពពិតបែបនេះ មិនត្រឹមតែវាយប្រហារគម្រោងរោងចក្រកាន់តែប្រសើរ(BFC)ប៉ុណ្ណោះទេប៉ុន្តែកំពុងតែធ្វើឱ្យមានក្តីព្រួយបារម្ភដល់អ្នកបញ្ជាទិញ។
ជាមួយគ្នានេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)ព្រមានអង្គការសង់ត្រាល់មិនអាចយករបាយការណ៍ដែលខ្លួនសហការធ្វើជាមួយនេះប្រើប្រាស់ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះភាគីណាមួយឡើយ៕