អតីតប្រធានសមាគមសិល្បះករខ្មែរ ប្តឹងតារាជើងចាស់ម៉េង កែវពេជ្ជតា ទៅតុលាការ
ភ្នំពេញ ៖ នៅទីបំផុត បន្ទាប់ពីជម្លោះរវាងអតីតប្រធានសមាគមសិល្បះករខ្មែរ និងជាតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា និងតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានកើតឡើងជាបន្តបន្ទាប់ ពេលនេះជម្លោះរបស់អ្នកទាំងពីរបានឈានដល់វិធានការផ្លូវច្បាប់ហើយ។ នេះបើយោងតាមពាក្យបណ្តឹងតាមរយៈមេធាវីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានប្រភពមួយទម្លាយតាមរយៈបណ្តាញសង្គម។
នៅក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញលិខិតអញ្ជើញមេធាវីដើមបណ្តឹង និងដីកាកោះ លោកស្រី ចន ច័ន្ទលក្ខិណា ចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាដើមបណ្តឹង ដែលបានប្តឹងលោកស្រី ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិ៍ជាសាធារណ:ជេរប្រមាថជាសាធារណ: សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង និងញុះញង់ឲ្យមានការរើសអើង ។
ក្រោយបែកធ្លាយនូវពាក្យបណ្តឹងរបស់ខ្លួន អតីតប្រធានសមាគមសិល្បះករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញសារនៅលើបណ្តាញសង្គមថា បំណាច់ព័តមានចេញខ្ចរខ្ចាយទៅហើយ អោយគេដឹងតែម្តងទៅ ខ្ញុំជឿជាក់លើច្បាប់។ យ៉ាងណា ក្រោយឃើញជម្លោះរបស់អ្នកសិល្បៈទាំងពីរកាន់តែឡើងកំដៅរហូតឈានដល់ផ្លូវច្បាប់នាពេលនេះ មានមហាជនមួយចំនួនបានស្នើសុំឲ្យអ្នកទាំងពីរគួររក្សាភាពអត់ធ្មត់ ហើយអង្គុយតុមូលជជែកគ្នា ព្រោះគេយល់ថា សិល្បកររៀមច្បងខ្មែរប្ដឹងគ្នា ឈ្លោះគ្នាតាមFB វាមិនចំណេញ និងជាគំរូអីដល់អ្នកជំនាន់ក្រោយនោះឡើយ។
បន្ទាប់ពីបានទទួលដំណឹងពីការប្តឹងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះ តារាចម្រៀងអ្នកនាង ម៉ែង កែវពេជ្ជតា ក៏បានបញ្ចេញសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា ធ្វើអញ្ចឹងបានទៀត ? 😀 ប្តឹងរឿងអី ? ប្តឹងមែនឬក៏ប្តឹងដើម្បីរំខានខ្ញុំទេ ? ព្រោះបើតាមសាច់រឿងពិតមិនមែនត្រូវប្តឹងខ្ញុំទេ តែត្រូវខ្ញុំប្តឹងវិញបានសម !។
អ្នកនាងបន្តថា បងប្អូន ! ភស្តុតាងគេបង្កាច់បង្ខូចជេរបញ្ចោរខ្ញុំនៅពេញក្នុងដៃខ្ញុំទាំងចាស់ទាំងថ្មី ។ បើតាមបងប្អូនបានឃើញដែរ តើអ្នកណាជាជនរងគ្រោះពិតប្រាកដទៅបងប្អូន ? តែណ្ហើយ អោយគេទៅមុនចុះ ព្រោះចរិតខ្ញុំ អារឿងឈ្លោះអីហ្នឹងខ្ញុំចាំតែដើរតាមក្រោយគេទេ គ្រាន់តែសូមប្រាប់ថា បើខ្ញុំឈានជើងចេញដំណើរហើយ អ្នកឯងកុំស្រែកថាចាំបន្តិចឬឈប់សិនដូចមុនទៀតអោយសោះ៕