ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ(ROC) រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានដើម្បីលើកកម្ពស់ការថែរក្សាអនាម័យទន្លេនិងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ

(ខេត្តកណ្តាល៖ ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ(ROC) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថាន និងសកម្មភាពសហគមន៍ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែនកោះចិន ក្នុងភូមិសាស្រ្តខេត្តកណ្តាលដើម្បីការពារទន្លេកម្ពុជា។ កម្មពិធីនេះមានគោលបំណងលើកកម្ពស់ការថែរក្សាអនាម័យទន្លេ និងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ ជាការប្តេជ្ងាចិត្តរនៃបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ ក្រោមការឧបត្តមថវិការបស់ ក្រុមហ៊ុន Leader Energy។

ក​ម្មវិធីនេះមានការគាំទ្រពីក្រសួងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងសមាសភាពចូលរួមប្រមាណជាង៦០០ អង្គ/នាក់ រួមមាន ថ្នាក់ដឹកនាំនិង បុគ្គលិកក្រុមហ៊ុន Leader Energy, ក្រុមការងាររបស់អង្គការសំអាតទន្លេសមុទ្រ តំណាងមន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន សសយក អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម។

នៅក្នុងពិធីនេះមាន កាចែករំលែកចំណេះដឹងស្តីពី សារៈសំខាន់របស់ទន្លេ, ការទុកដាក់សំរាមបានត្រឹមត្រូវ និង 4Rs (4ក) , វិធានសុវត្ថភាពជាពិសេសសម្រាប់ប្រជាពលរដ្ឋរស់នៅក្បែរបង្គោលអគ្គិសនី   និង សំអាតសំរាមក្នុង និងក្រៅបរិវេណវិទ្យាល័យ វត្ត និងមាត់ទន្លេ។

ក្រុមហ៊ុន Leader Energy ជាក្រុមហ៊ុនដែលដំណើរការជាអ្នកផលិតថាមពលឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងអាជីវកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូជាមួយអង្គការ ROC ដែលជាអង្គការមិនរកប្រាក់ចំណេញ ដើម្បីផ្តួចផ្តើមបេសកកម្មនេះនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៨។

បរិមាណសំរាមប្រមូលបានក្នុងកម្មវិធីនេះនឹងបន្ថែមទៅលើសំរាម ១១២ តោនត្រូវបានប្រមូលជាប្រចាំ ចាប់ពីខែតុលា ឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ ពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ ដោយទូកកំចាត់សំរាម និងភ្នាក់ងារកំចាត់សំរាមរបស់បេសកកម្មនេះ។

ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្ម នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងតំបន់ សាលារៀន និងសាកលវិទ្យាល័យ។

Mr. Felimonito Cuevas Lirasan, ប្រធានក្រុមហ៊ុន Cambodia Transmission Limited ជាផ្នែកមួយនៃក្រុមហ៊ុន Leader Energy នៅកម្ពុជា បានបន្ថែមថា “ភាពជាដៃគូរបស់យើងជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា អោយមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំ ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹង ច្បាប់គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៏”។

លោកបានលើកឡើងថា កម្មវិធីនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ នៃបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំនៅកម្ពុជា រួមមានការសំអាតសំរាមពីទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ដោយប្រើទូកកំចាត់សំរាម ការចុះផ្សព្វផ្សាយផ្ទាល់ដល់សហគមន៍ ការសិក្សាស្រាវជ្រាវ និងកម្មវីធីស្ម័គ្រចិត្តរបស់បុគ្គលិក ហើយបេសកកម្មនេះបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ។

លោកបានបន្ថែមថា «ទន្លេគឺជាឈាមនៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ជាប្រភពអាហារសម្រាប់មនុស្ស សត្វ ចញ្ចឹមជីវិតរាប់មិនអស់ គាំទ្រដល់កសិកម្ម និងជាប្រភពនៃជីវិតសម្រាប់សហគមន៍។ ជាអកុសល ទន្លេជាច្រើនសព្វថ្ងៃនេះប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុល ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាពនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង»

លោកបានការប្តេជ្ញាចិត្តក្នុងការសំអាតទន្លេឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងនាមជាក្រុមហ៊ុន និងជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ទៅលើការថែទាំបរិស្ថានផងដែរ។ លោកសង្កត់ធ្ងន់ថា« ដើម្បីធានាបាននូវផលប៉ះពាល់ប្រកបដោយនិរន្តរភាព បេសកកម្មលើសពីការសំអាតកាកសំណល់ចេញពីក្នុងទន្លេ។ កាកសំណល់ដែលប្រមូលបានទាំងអស់នឹងត្រូវបានយកបម្លែងជាថាមពលប្រើប្រាស់ឡើងវិញដើម្បីរក្សាបរិស្ថានល្អប្រសើ»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds