ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ADB​ ដាក់ចេញ​ការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូ​ថ្មីរយៈពេល៥ឆ្នាំ​

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ បានប្រកាសនូវការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូ​ថ្មីសម្រាប់កម្ពុជារយៈពេល៥ឆ្នាំ​ចាប់ពីឆ្នាំ ២០២៤-២០២៨ ​ដែលដើរស្របជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។​ នេះបើយោងតាមការប្រកាសរបស់ADB នៅថ្ងៃទី២៩ ខែឧសភានេះ។

ADB​ បានលើកឡើងថាយុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយ ចំនួនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អ សមភាព យេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនី​យកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។

លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក បានអោយដឹងថា ​យុទ្ធសាស្រ្តនេះបង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន យុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់ ADB នេះគឺជា កិច្ចសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។ លោកថា «វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាដែលមានបំណងកំណត់ប្រទេសនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ»។​

បើយោងតាម ADB​ យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើវិបុលភាព ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយការ ទទួល ស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។ បើយោងតាម ADB «គន្លឹះនៃ វិធីសាស្រ្ត នេះគឺ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុនិងមានគុណភាពខ្ពស់ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ជា ពិសេស សម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម»។

កាលពីខែមេសាកន្លងទៅនេះ សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រា ៥,៨ ភាគរយនៅឆ្នាំនេះ និង ៦ភាគរយនៅឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds