ទូតឥណ្ឌាប្រចាំកម្ពុជា ៖ ការប្រគល់សត្វ ខ្លាធំនេះ អាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ
គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ ប្រទេសឥណ្ឌានឹងធ្វើការប្រគល់សត្វខ្លាធំចំនួន៤ក្បាល ក្នុងនោះ មានឈ្មោល១ក្បាល និងញី៣ក្បាល ដើម្បីធ្វើការលែងក្នុងតំបន់ជួរភ្នំក្រវាញដើម្បីស្តារសត្វនេះឡើងវិញនៅកម្ពុជា។
នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លា ធំនៅកម្ពុជា នារសៀលថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងថា ការប្រគល់សត្វ ខ្លាធំនេះ អាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ យ៉ាងណាក្តីការប្រគល់ខ្លាមក កម្ពុជានេះវាអាចពន្យារពេលយូរជាងនេះបន្ថែមទៀត ក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌារូបនេះ បានបញ្ជាក់ថា ការប្រគល់សត្វខ្លាធំនេះគឺជំហានទី១ ដែលប្រទេសអ្នកស្រីឱ្យកម្ពុជា ហើយបើ គម្រោងនេះ ទទួលជោគជ័យប្រទេសឥណ្ឌានឹងធ្វើការបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។
ដោយឡែកកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា សត្វខ្លាធំទាំង៤ក្បាល នឹងត្រូវគេ លែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃ ជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រកិច្ចការពារពីឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការ បំពាក់វិទ្យុទាក់ទងលើកសត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ហើយទិន្និន័យ ដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំតម្លើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅទូទាំងតំបន់ ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លា ឱ្យបានជាក់លាក់។
កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់បន្ថែមថា «អង្គការយើងចុះការពារផ្ទាល់នូវ តំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧លានហិកតា ក្នុងគោលបំណងការពារ និងអភិរក្សព្រៃ រងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុង ក្រោយបង្អស់នៅតំបន់ អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ»។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេស ឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។ ខ្លាធំ ឬ ខ្លាដំបង ជាប្រភេទ ដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមាន សម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅកាត់ទទឹងដងខ្លួន។ នៅផ្នកខាង ក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាង ចុង។
ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រកគ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេល ច្រើនម៉ោងដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើង ដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូត ដល់សត្វធំដូចជាប្រើស ទន្សោង ខ្ទីងនិងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូន បានពី១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ វាអាចមានអាយុរហូត ដល់២៥ឆ្នាំ ក្នុងធម្មជាតិ។ ប្រភេទនេះចូលចិត្តដើរតាមដងផ្លូវ ដែលទើបតែឈូសឆាយរួច ឬផ្លូវស្រឡះក្នុងព្រៃជាដើម។
គួរបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើង ប្រទេសកម្ពុជា៕