អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ
ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ។
គម្រោងជួសជុលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង់។
អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះ គ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។
ចំណែកឯ បង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ ក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។
លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នា រួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្មដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។
បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ មានថ្មខូចខាតជាច្រើនប្រភេទ ដោយកន្លែងខ្លះថ្មបានបែកពីលើ កន្លែងខ្លះបែកពីក្រោម កន្លែងខ្លះបែកពីចំហៀង និងកន្លែងខ្លះទៀតថ្ម មានសភាពពុកផុយ ដែលទាមទារឱ្យអ្នកបច្ចេកទេសត្រូវធ្វើ់ការព្យាបាល និងដកជាតិអំបិលចេញពីថ្ម មុននឹងយកដាក់ទៅតាមកន្លែងដើមឡើងវិញ៕