« មានបរិស្ថាន មានជីវិត » « បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រង »
បរិស្ថានគឺជាអ្វីគ្រប់យ៉ាងដែលនៅជុំវិញយើង។ “បេីមានបរិស្ថាន គឺមានជីវិត ឬថាមានដេីមត្នោតមួយដេីម ដូចមានមាសមួយដុំដុះលេីផែនដី”។ នេះជាព្រះសង្ឃដីកា របស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចអគ្គមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតមនឹងតថភាពនៃវាលវដ្តសង្សារ របស់ភពផែនដី ដែលប្រាថ្នាមានជិវិតសង្ខារ ក្នុងភាពស្អាត បៃតង និងចីរភាព។ មុំយុទ្ធសាស្រ្តអាទិភាពទាំង៣ បានចែងច្បាស់ ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន អនុលោមទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវការគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់ គតិបណ្ឌិតរបស់ព្រះអង្គ ចំពោះបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា « មានបរិស្ថាន មានជីវិត », « បរិស្ថានស្អាត បរិស្ថានបៃតង ជីវិតស្រស់បំព្រង »។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ភាពស្អាត ធ្វើឱ្យបរិស្ថានស្អាត មានជីវិតរស់នៅស្អាត មានសុខភាពល្អ និងកម្ពុជាស្អាត។ កន្លងមកនេះ សិស្សានុសិស្សនិងប្រជាជនកម្ពុជា ជាងកន្លះប្រទេសបានចូលរួម យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល មានការសម្រេចចិត្ត ឈប់ប្រើថង់ប្លាស្ទិក យ៉ាងតិច ចំនួន ១ថ្ងៃ ក្នុង១សប្តាហ៍ និងបានចាប់ផ្តើមសកម្មភាពរើសនិងប្រមូល ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះ ដើម្បីធ្វើឱ្យលំនៅឋាន ទីក្រុង ទីប្រជុំជន វត្តអារាម សាលារៀន ទីសាធារណៈ មានភាពស្អាត មានអនាម័យ ប្រជាជនមានសុខភាព និងជីវភាពរស់នៅល្អប្រសើរ។
នៅក្នុងលើផែនដី យើងទាំងអស់គ្នាពឹងផ្អែកលើបរិស្ថានសម្រាប់អាហារ ទឹកសម្រាប់បរិភោគ និងប្រើប្រាស់ ត្រូវការខ្យល់សម្រាប់ដកដង្ហើម និងតម្រូវការផ្សេងៗទៀត។ ដូច្នេះហើយ ភាពបៃតង បានជំរុញលើសកម្មភាពអាទិភាពសំខាន់៣ នោះគឺការដាំស្តារព្រៃ ដាំឈើ ឱ្យបានច្រើន យ៉ាងតិច១លានដើម ពង្រឹងការការការពារ និងអភិរក្សព្រៃឈើ និងការអភិវឌ្ឍ ជីវភាព ប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា ក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការ ១០ តុលា ដាំដើមឈើ ១លានដើម ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដាំស្តារព្រៃ និងចូលរួម ការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឱ្យបាន ៦០% នៅឆ្នាំ២០៥០ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ នឹងរៀបចំពិធីពិពណ៌កូនឈើ ក្រោមមូលបទ«ពន្លកបៃតង» នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ហើយឆ្នាំបន្ទាប់នឹងមានការរៀបចំនៅតាមបណ្តាខេត្តនីមួយៗ។
ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ដាំត្នោត ដើម្បីលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់ នឹងរុក្ខរបស់ជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរជាតិ អន្តរជាតិអំពីមរតកដ៏មានតម្លៃ ពីសម័យ អតីតកាល និងធ្វើទំនើបកម្ម ក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោត ដែលអាចផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕