រដ្ឋមន្ត្រីបរិស្ថាន៖ យុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
ថ្លែងនៅក្នុងពីធីប្រកាសបើកយុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន»នៅទូទាំងស្រុកអូរាំងឪ នាព្រឹកថ្ងៃទី១៧ ខែឧសភា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានអោយដឹងថា យុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន ដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ [ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ]។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា« នេះជាយុទ្ធនាការបន្តថ្មីមួយទៀតនេះ បានដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ [ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ] ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង ៨លាន នាក់នៅទូទាំងប្រទេសកម្ពុជា»។
លោកបណ្ឌិត អ៊ាង សុផល្លែត បន្តថា យុទ្ធនាការនេះមានសារៈសំខាន់ព្រោះធ្វើអោយកម្ពុជាស្អាត ធ្វើអោយផ្ទះយើងស្អាត កាលណាផ្ទះយើងស្អាតយើងមានអនាម័យល្អ សុខភាពល្អ រៀនឆ្លាតវ៉ៃ រៀនពូកែ។ ស្អាតផ្ទះយើងស្អាតភ្ញៀវទេសចរណ៍មកលេង ទាំងនេះឯងនាំអោយមានចំណូល នាំមកនូវភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងបរិស្ថាន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថងប្លាស្ទិកទេ។ យុទ្ធនាការនេះដើម្បីកាត់បន្ថយ កាត់បន្ថយដល់កម្រឹតមួយ ដែលថាថង់ប្លាស្ទិកបោះចោលបានលើសចំនួន៥០% នៃចំនួនប្រជាជនកម្ពុជាយើង ដើម្បីដាក់យុទ្ធនាការបន្ត សម្អាតកម្ពុជា ខ្មែរអាចធ្វើបាន មូលហេតុធ្វើយ៉ាងណាដើម្បីអោយកាត់បន្ថយអោយច្រើនជាអតិបរិមាសិន បើយើងកាត់បន្ថយមិនបានច្រើន មិនបានលើស៥០%នោះ ប្រមូលសំអាតក៏អត់ជោគជ័យដែរ មានន័យថាយើងការពារសិន ហើយយើងព្យាបាល ហើយកម្ពុជាស្អាត ខ្មែរធ្វើបានគឺយើងព្យាបាលហើយ។
លោករដ្ឋមន្ត្រីបន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪនេះ ដែលដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាសថងប្លាស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាលបានចូលរួម បើអត់ផ្តើមពីស្រុកអូរាំងឪនេះទេ ក៏មិនមានយុទ្ធនាការនៅទូទាំងប្រទេសនោះទេទទួលបានជោគជ័យ។ យុទ្ធនាការខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក ដែលផ្តើមចេញពីស្រុកអូរាំងឪមុនគេ ទទួលបានជោគជ័យហើយប្រជាជនជាងពាក់កណ្តាលនៃប្រទេសរបស់យើងបានចូលរួមក្នុងយុទ្ធនាការនេះហើយ ហើយការប្រើប្រាសថងកៅស៊ូ ក៏កាត់បន្ថយដែរ ឥឡូវយើងដល់ដំណាកកាលសំអាតតាមផ្លូវ តាមផ្ទះ ចឹងក្មួយៗជួយផង ក្មួយជួយបានអត់ កម្ពុជាស្អាត ខ្មែរធ្វើបាន។
ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សំអាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕