វិទ្យាស្ថានNPICប្រារព្ឋខួប១៩ឆ្នាំជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេសគ្រប់កម្រិតជូនសង្គមជាតិ។

ថ្លែងនៅក្នុងឱកាសនោះលោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងអំឡុងពេល១៩ឆ្នាំមកនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាវិទ្យាស្ថានឈានមុខមួយលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់កម្រិតដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិបានទទួលស្គាល់។

លោកថា «ថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរៀបចំខួបអនុស្សាវរីយ៍គម្រប់១៩ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ វិទ្យាស្ថានបានកំណត់ទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺធ្វើឱ្យទៅជាវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជា ជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស និងសង្គម»

លោកបន្ត វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយ នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១១ហិចតា ចំណាយអស់ទឹកប្រាក់ប្រមាណ៣២លានដុល្លារអាមេរិក។ ក្នុងនោះមាន២៨លានដុល្លារអាមេរិកជាកម្ចីសម្បទានរបស់សាធារណៈរដ្ឋកូរ៉េ និង៤លានដុល្លារជាប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា”។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥លើផ្ទៃដីចំនួន១១ហិកតាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាមួយនឹងសិស្សានុសិស្សចូលសិកក្សាដំបូងប្រមាណ២០០នាក់ ប៉ុន្តែបច្ចុប្បន្នវិទ្យាស្ថានកំពុងបណ្តុះបណ្តាលសិស្ស និងនិស្សិតប្រមាណ៧០០០នាក់។

ក្រៅពីពិធីគម្រប់ខួប១៩ឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏មានប្រាព្ឋពិព័រណ៍ការងារដោយមានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds