សត្វដំរីញី១ក្បាលបានបាត់បង់ជីវិតបន្ទាប់ពីការខិតខំព្យាបាលសត្វដំរីព្រៃដែលជាប់ផុងក្នុងភក់អស់ពេលមួយសប្តាហ៍

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ តាម​ដំណឹងចុងក្រោយ​​បាន​ឱ្យ​ដឹងថា សត្វដំរីញី១ក្បាលបានបាត់បង់ជីវិតហើយកាលពីវេលាម៉ោង៥ព្រឹកមិញ បន្ទាប់ពីការខិតខំព្យាបាលសត្វដំរីព្រៃដែលជាប់ផុងក្នុងភក់អស់ពេលមួយសប្តាហ៍​។ពិតជា​មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់ជីវិត​សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រេច ។

ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញីមួយក្បាលបានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់ កាលពីថ្ងៃទី​៣០ ខែមេសាឆ្នាំ ២០២៤។

ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេលបីថ្ងៃនៅកន្លែងកើតហេតុ។

ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញីមួយក្បាលនេះមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ ដោយសុខភាព សត្វដំរីព្រៃញីមួយក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។

បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត  ក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds