​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ត្រូវACU ឃាត់ខ្លួនពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​គ្រូ

ភ្នំពេញ ៖ គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ត្រូវបានអង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៤​នេះ ដើម្បី​បន្ត​នីតិវិធី​ក្រោយ​ពួកគេ​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខណ្ឌ​គ្រូបង្រៀន និង​តាម​ក្រសួង​ស្ថាប័ន​ផ្សេងទៀត។

ជនសង្ស័យ​៣​នាក់​នោះ រួមមាន​៖ ​ទី​១៖ ឈ្មោះ នង រុន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សុខ​អាន​ព្រៃ​សណ្តែក *​ទី​២៖ ឈ្មោះ ស៊ុន ពេជ្រ​សុមាលី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​ធន់​មន់ *​ទី​៣៖ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍ជនបទ នៃ​ក្រសួងផែនការ​។

តាម​របាយការណ៍​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា បាន​សហការគ្នា​រត់កា​រ​បញ្ចូល​ចូល​ក្រប​ខណ្ឌ ដោយ​ខុសច្បាប់​តាំងពី​ឆ្នាំ​២០២៣ ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​នោះ​មាន​សកម្មភាព​ដូចជា ការរត់​ការចូល​ក្របខណ្ឌ​រដ្ឋ ការរត់​ការចូល​ក្របខណ្ឌ​គ្រូបង្រៀន និង​ក្របខណ្ឌ​ក្រសួង​ផ្សេងៗ​ទៀត ការទទួល​ធ្វើ​សញ្ញាប័ត្រ​ក្លែង​គ្រប់​ប្រភេទ ដូចជា សញ្ញាប័ត្រ​បាក់​ឌុប សញ្ញាប័ត្រ​បរិញ្ញាបត្រ និង​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជាដើម ក្នុងតម្លៃ​ចាប់ពី ៤៥០​ដុល្លារ​អាមេរិក ដល់ ១.៥០០​ដុល្លារ​អាមេរិក​។

ដោយឡែកចំពោះ​ការ​រត់​ការចូល​ក្របខណ្ឌ​រដ្ឋ​វិញ ក៏​យក​តម្លៃ​ចាប់ពី ១១.០០០​ដុល្លារ​អាមេរិក ដល់ ១៦.០០០​ដុល្លារ​អាមេរិក តាម​ប្រភេទ​ក្របខណ្ឌ​ផ្សេងៗ​គ្នា។ ខណៈ​ពេលនេះ​ព្រះរាជអាជ្ញា​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds