រដ្ឋបាលថ្នាក់ក្រោមជាតិ បង្ហាញការតាំងចិត្តពង្រឹងការចូលរួមទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្រោយទទួលផែនទីតំបន់ការពារធម្មជាតិ ពីក្រសួងបរិស្ថាន
(រតនគិរី)៖ បន្ទាប់ពីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ចំនួន១៣២ផ្ទាំង ជូនរដ្ឋបាលខេត្តចំនួន២១ និងរដ្ឋបាលស្រុក ក្រុងចំនួន១១១ ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានបង្ហាញការតាំងចិត្តពង្រឹងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។
លោក សូ វណ្ណធិន អភិបាលស្រុកតាវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក នៅថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០២៤ ដែលមានការរួមជាមួយមន្រ្តីឧទ្យានុរក្ស និងបានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិ ដែលទើបទទួលបានពីក្រសួងបរិស្ថាន ដើម្បីណែនាំឱ្យអាជ្ញាធរនិងសមតិកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ព្រមទាំងពង្រឹងការចូលរួមទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ជូនផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសក្ខីភាពមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលមានក្រសួងបរិស្ថាន ជាអ្នកតាក់តែងគោលនយោបាយ និងគាំទ្រការជំរុញប្រសិទ្ធភាពអនុវត្តច្បាប់ពីថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃរដ្ឋសភា និងអនុលោមតាម ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ ការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ពិសេសឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តម ជូនរាជរដ្ឋាភិបាល និងសង្គមជាតិកម្ពុជា។
លោកបណ្ឌិតរដ្ឋមន្រ្តី បានជំរុញឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងដៃគូសហការទាំងអស់ តាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពង្រឹងប្រសិទ្ធភាព គ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយអនុលោម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅ កម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិ បានកើនឡើងពីចំនួន២៣តំបន់ ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣តំបន់ ដែលមានផ្ទៃដីសរុបជាង៧លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេស នាពេលបច្ចុប្បន្ន៕