មន្ត្រី៖ មូលហេតុចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកំណើនយានយន្ត និងកំណើនពលរដ្ឋ
ភ្នំពេញ៖ មន្ត្រីនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ អះអាងថា មូលហេតុចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ ព្រមទាំងកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីបច្ចេកទេសក្នុងការបើកបរទោចក្រយានយន្ត ដោយសុវត្ថិភាព នៅថ្ងៃទិ៨ ខែឧសភា លោកឧត្តមសេនីយ៍ឯកគាំ សារឿន អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននរគរបាលជាតិ បានអោយដឹងថា យោងតាមរបាយការណ៍ស្រាវជ្រាវ នៃមូលហេតុចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ ព្រមទាំងកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវ។
លោកពន្យល់ថា កត្តាមនុស្សរួមមាន៖ ការបើកបរហួសល្បឿនកំណត់ធ្វើអោយបាត់បង់ម្ចាស់ការនៅ ពេលដែលមានឧបសគ្គដោយចៃដន្យជាពិសេសនៅត្រង់ផ្លូវខ្វែងឬផ្លូវកោង ដែលមើលមិនឃើញច្បាស់, បើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន, បើកបរមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវដែលមានសិទ្ធិអាទិភាពគ្រោះ ថ្នាក់កើតមានជាញឹកញាប់ ដោយអ្នកបើកបរ ដែលមកពីផ្លូវផ្សេងគ្នា ហើយមិនគោរពសិទ្ធិគ្នាទៅវិញ ទៅមក, បើកជែងដោយខ្វះការប្រុងប្រយ័ត្ន, មិនគោរពសញ្ញាចរាចរណ៍, បត់ឆ្វេង បត់ស្តាំ ឬបត់ត្រឡប់ក្រោយដោយគ្មានការប្រុងប្រយ័ត្ន
កត្តាយានយន្ត ចំណុចសុវត្ថិភាពយានយន្តមាន បួនសំខាន់ៗគឺៈ ហ្វាំង ចង្កូត កង់ និងភ្លើងបំភ្លឺ និងកត្តាផ្លូវ ដូចជាផ្លូវកោងខ្លាំង ផ្លូវរួមតូច ផ្លូវសំបុកមាន់ ផ្លូវដែលគ្មានបរិក្ខាសុវត្ថិភាពគ្រប់គ្រាន់ ដូចជាផ្លូវគ្មានផ្លាកសញ្ញា គំនូសសញ្ញា រនាំងសុវត្តិភាព ឬរនាំងបែងបែកទ្រូងផ្លូវ។
គោលបំណង នៃកម្មវីធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងអំពីការបើកបរទោចក្រយានយន្តដោយសុវត្ថិភាព ផ្ដល់ជំនាញការបើកបរ និងវីធី សាស្ត្រក្នុងការចែករំលែក និងបង្រៀនបន្ត។ បង្កើនការយល់ដឹង អាកប្បកិរិយា និងឥរិយាបថ ក្នុងការបើកបរប្រកបដោយការទទួលខុសត្រូវ ។ បង្កើនផែនការ ដើម្បីអនុវត្តការបង្រៀនបន្តដល់ក្រុម ប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការគាំទ្រជំនួយពីដៃអភិវឌ្ឍន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំបណ្តុះបណ្តាលបច្ចេកទេសក្នុងការបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលក្នុងនោះមានទាំងកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការបើកបរទោចក្រយានយន្តដោយសុវត្ថិភាពក្នុងការធ្វើដំណើរ ដែលនឹងជួយកាត់បន្ថយឥរិយាបថមិនល្អរបស់អ្នកបើកបរបង្កឱ្យមានគ្រោះថ្នាក់ដូចជា៖ ការជែង ការបើកបរដោយមិនយកចិត្តទុកដាក់ ការមិនពាក់មួកសុវត្ថិភាព និងការកែលម្អលក្ខខណ្ឌសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរណ៍ជុំវិញរោងចក្រ។
អង្គការមូលនិធិបង្ការរបួសអាស៊ី បញ្ជាក់ថា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយ និងច្បាប់ពាក់ព័ន្ធ ដែលជំរុញការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរនៅកម្ពុជា៕