នគរបាលឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ

ភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសងត្រូវបានកម្លាំងនគរបាលជាតិទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសទូទាំងប្រទេសសរុបចំនួន៤៦៧នាក់។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុបដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ឃាត់ខ្លួនបាននោះ មាន២៥៩នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១០៧ករណី ៩៣នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទូទៅ៥៧ករណី ៨៥នាក់ពាក់ព័ន្ធករណីក្មេងទំនើង និង៣០នាក់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់។
ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងអនុវត្តយ៉ាងសកម្មដូចគ្នាដែរនូវយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជាលទ្ធផលគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds