ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបន្តសម្របសម្រួលដើម្បីឱ្យពលករនៅប្រទសអារ៉ាប៊ីសាអូឌីតបានវិលត្រឡប់មកកម្ពុជាវិញ ដោយរដ្ឋាភិបាលកំពុងផ្តល់ការស្នាក់នៅ និងផ្តល់អាហារប្រចាំថ្ងៃ
ដើម្បីឱ្យពលករនៅប្រទសអារ៉ាប៊ីសាអូឌីតអាចមកកម្ពុជាវិញ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក នៅថ្ងៃអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនទទួលលើនីតិវិធីរៀបចំឯកសារ ដើម្បីទទួលបានការអនុញ្ញាតឱ្យចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតដោយស្របច្បាប់ ដែលត្រូវប្រើពេលដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរនៃប្រទេសអារ៉ាប៊ីសាអូឌីត។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរៀបចំកន្លែងស្នាក់នៅជាបណ្ដោះអាសន្នជុំគ្នា និងផ្តល់អាហារប្រចាំថ្ងៃ ជូនដល់បងប្អូនទាំងអស់ភ្លាមៗ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនដដែល។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករចំនួន២៨នាក់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាពរួចហើយ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារបរទេស និងតំណាងស្ថានទូតខ្មែរប្រចាំអារ៉ាប៊ីសាអូឌីត៕