លោក ស៊ុន ចាន់ថុល ៖ រូបលោកនឹងប្រឹងប្រែង​ជំរុញ​គម្រោង​​ព្រែក​​ជីកហ្វូណនតេជោ ឱ្យបានបើកការដ្ឋានជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តធ្វើបទបង្ហាញស្តីពីគម្រោង​ព្រែក​​ជីកហ្វូណនតេជោ ជូនដល់មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យា​ល័យ​នានាជិត ៣ពាន់នាក នៅវិទ្យាស្ថានបច្ចេកវិទ្យាក​ម្ពុជា​ លោក ស៊ុន ចាន់ថុល បានអះអាងថា រូបលោកនឹងប្រឹងប្រែង​ជំរុញ​គម្រោង​នេះ ឱ្យបានបើកការដ្ឋានជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញ​ពីបេសកកម្មរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែ​ក្លាយប្រទេសទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យ​សម្រេចបានតាមគោលដៅនេះ ការទាក់ទាញអ្នកវិនិយោគពីបរទេស គឺជាកិច្ចការមួយដ៏​សំខាន់។

លោក ស៊ុន ចាន់ថុល បានអះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា រាល់ពេលអញ្ជើញទៅក្រៅប្រទេសតែងតែលើក​បង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។ សម្រាប់លោក ស៊ុន ចាន់ថុល សក្តានុ​ពល​ដែលកម្ពុជាតែងលើកបង្ហាញនោះ រួមមានស្ថានភាពប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យ បណ្តាញដឹកជញ្ជូនប្រទាក់ក្រឡា ជាមួយ​នឹងគោលនយោបាយប្រកបដោយភាពបត់បែន និងការអនុគ្រោះខ្ពស់សម្រាប់​ការធ្វើ​ធុរ​កិច្ច​។

ពាក់ព័ន្ធការវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សេនាធិការរបស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បានគូសរំលេចថា បច្ចុប្បន្នកម្ពុជា មានផ្លូវគោក ផ្លូវដែក និងផ្លូវ ប៉ុន្តែផ្លូវទឹកកម្ពុជាមិនទាន់ប្រទាក់ក្រឡាគ្នានៅឡើយ ជា​ពិសេសខ្វះបណ្តាញផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រ ដែលជាហេតុនាំឱ្យការធ្វើ​ពាណិជ្ជ​កម្ម និងការប្រកួតប្រជែងនៅមានឧបសគ្គ។ លោក ស៊ុន ចាន់ថុល អះអាងថា គម្រោងព្រែកជីកហ្វូណនតេជោបានបើកការសិក្សាស្រាវជ្រាវយ៉ាងលំអិតរយៈ​ពេល ២៦ខែ ជាមួយក្រុមអ្នកបច្ចេកទេសជាតិ និងអន្តរជាតិសរុប ៤៨រូប។

លោក ស៊ុន ចាន់ថុល បាន​អះ​អាងថា ព្រែកជីកហ្វូណនតេជោនេះ គឺជាព្រែកជីកដែលមាននៅក្នុងសម័យ​ហ្វូណន បម្រើ​ដល់ការដឹកជញ្ជូននាពេលនោះ។ តែដោយសារស្ថានភាពវិវឌ្ឍន៍នៃការគ្រប់​គ្រងដែនដី ក៏​ដូចជាជម្លោះពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសនៅក្នុងសម័យចេន​ឡា​ទឹក និងចេន​ឡា​គោក ព្រែកជីកនេះក៏ត្រូវបានទុកចោលរហូតដល់បច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល ព្រែកជីកនេះ មិនធ្វើឱ្យទឹកទន្លេហូរខ្លាំងចូលទៅសមុទ្រ ឬទឹកសមុទ្រហូរចូលទន្លេនោះឡើយ ដោយសារការសង់សន្ទះបិទទឹករហូតដល់ទៅ​៣ដំណាក់​​កាល ហើយការហូរនៃទឹកទន្លេ ពីទន្លេបាសាក់មានចំនួនតិចតួចបំផុត ខណៈ​ពេលបច្ចុប្បន្នទឹកទន្លេមេគង្គហូរចូលទៅសមុទ្រតាមប្រទេសវៀតណាម មានកម្រិត​ខ្ពស់​បំផុត។

កាន់តែពិសេសព្រែកជីកហ្វូណនតេជោនេះ ធ្វើឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័ត​ភ្នំពេញ ទៅកាន់សមុទ្រខ្មែរ បានលឿនជាងដឹកតាមវៀតណាម រហូតដល់ទៅជាង ១០០គីឡូម៉ែត្រ កាត់បន្ថយថ្លៃដឹកជញ្ជូន និងប្រតិបត្តិការនានាជិត ២០០ដុល្លារក្នុងមួយកុងតឺន័រ បើធៀបនឹងការដឹកជញ្ជូនតាមប្រទេសវៀតណាម។ តាមរយៈការកាត់បន្ថយថ្លៃចំណាយនេះ ធ្វើឱ្យកម្ពុជាបង្កើននូវឧត្តមភាពនៃការប្រកួតប្រជែង។

បន្ទាប់ពីបានពន្យល់ពីលក្ខណៈបច្ចេក និងផលប្រយោជន៍ដែលនឹងទទួលបានពីព្រែកជីក​នេះអស់រយៈពេលជាង១ម៉ោង លោកឧបនាយករដ្ឋមន្ត្រី ក៏បានបើកឱកាសអ្នកចូល​រួម​ឡើង​ចោទជាសំណួរយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ។ គម្រោងនេះមានជម្រៅទឹកត្រឹមតែ ៥.៤ម៉ែត្រប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds