ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជា មិនបានខ្ចីលុយប្រទេសណាមកអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោនោះទេ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រ​កម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជានេះ ខណៈកម្ពុជា មិនបានខ្ចីលុយប្រទេសណាមកអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងបទបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះ ជាគម្រោងរវាងរដ្ឋ និងផ្នែកឯកជន មិនមែនគម្រោងរាជរដ្ឋាភិបាលកម្ពុជាទៅខ្ចីថវិការជាប្រាក់កម្ចី១៧០០លានដុល្លាមកសាងសងគម្រោងព្រែកជីកហ្វូណនតេជោនោះទេ សូមស្តាប់អោយច្បាស់​។

លោកឧបនាយករដ្ឋមន្ត្រី «គម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា មិនខ្ចីថវិការពីណាទាំងអស់ដើម្បីមកកសាងគម្រោងនេះទេ។ ផ្នែងឯកជនដែលទទួលបានកិច្ចព្រមព្រៀងសម្បទាន ឬកិច្ចព្រមព្រៀងភាពជាដៃគូក្នុងផ្នែកឯកជន គាត់ទៅខ្ចីលុយខ្លួនឯង ហើយកម្ពុជាក៏មិនធានាទៅដល់ក្រុមហ៊ុននោះថា បើអ្នកឯងរកស៊ីខាតខ្ញុំចេញជំនួសគឺគ្មាន។ កម្ពុជាមិនដែលប្រាប់ក្រុមហ៊ុនសាងសងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ឬភ្នំពេញ ក្រុងបាវិតថា ទៅធ្វើទៅបើមិនចំណេញខ្ញុំចេញសងអ្នកឯងអត់មានទេគឺគ្មានដាច់ខាត ព្រោះច្បាប់មិនអនុញ្ញាត្តិអោយយើងធានាទេ​»

គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង​អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា​ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ​របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន​ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds