ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួនដើម្បីធានានូវសុខុមាលភាព នៃចំនួនប្រជាជនវ័យចំណាស់នោះទេ
ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួនដើម្បីធានានូវសុខុមាលភាព នៃចំនួនប្រជាជនវ័យចំណាស់ដែលកើន ឡើងយ៉ាងឆាប់រហ័សនោះទេ ដែលជាក់ស្តែងចំនួនមនុស្សចាស់កាន់តែកើនឡើងកំពុងប្រឈមមុខ នឹងបញ្ហា រួមមានការធានារ៉ាប់រងប្រាក់សោធននិវត្តន៍ទាប បញ្ហាសុខភាព ភាពឯកោក្នុងសង្គម និងការទទួលបានសេវាសំខាន់ៗមានកម្រិត។ នេះបើយោងតាមរបាយការណ៍គោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាកិច្ចប្រជុំប្រចាំ ឆ្នាំ ទី៥៧ របស់ខ្លួន។
របាយការណ៍បានអោយដឹងថា ខណៈដែលអាយុកាន់តែវែងនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការអភិវឌ្ឍក្នុងតំបន់ វាទាមទារឱ្យមានកំណែទម្រង់គោលនយោបាយទូលំទូលាយជាបន្ទាន់ដើម្បីគាំទ្រសុខុមាលភាពរបស់មនុស្សចាស់។ ចំនួនមនុស្សមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ី ហ្វិក ត្រូវបានកំណត់ថានឹងកើនឡើងស្ទើរទ្វេដងនៅឆ្នាំ ២០៥០ ដល់ ១,២ ពាន់លាននាក់ ឬ ប្រហែល មួយភាគ បួន នៃចំនួនប្រជាជនសរុបដែលនឹងជំរុញកំណើនតម្រូវការសម្រាប់កម្មវិធីសោធន និវត្តន៍និងសុខុមាលភាព ក៏ដូចជាសេវាថែទាំសុខភាពផងដែរ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់មានឱកាសទទួលបាន អត្ថប្រយោជន៍ពី «កំណើនអាយុនិងឆ្នាំនៃផលិតភាព (silver dividend)» ក្នុងទម្រង់នៃផលិតភាពបន្ថែម របស់មនុស្សចាស់ ដែលអាចជំរុញផលិតផលក្នុងស្រុកសរុបក្នុងតំបន់ បាន០,៩% ជាមធ្យម។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការអភិវឌ្ឍយ៉ាងឆាប់ រហ័ស របស់អាស៊ី និងប៉ាស៊ីហ្វិកគឺជាជោគជ័យមួយ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូរប្រជាសាស្រ្ត ដ៏ធំ ផងដែរហើយសម្ពាធនេះកំពុងកើនឡើង។រដ្ឋាភិបាល ត្រូវ ត្រៀមខ្លួនពីឥឡូវដើម្បីពួកគាត់ អាច ជួយ ប្រជា ជន អាស៊ីនិងប៉ាស៊ីហ្វិក រាប់ លាន នាក់ ឲ្យ មាន អាយុ វែងប្រកបដោយសុខុមាលភាព។ គោលនយោបាយទាំង ឡាយ គួរគាំទ្រការវិនិយោគពេញមួយជីវិតលើផ្នែកសុខភាព ការអប់រំ ជំនាញ និងការត្រៀមលក្ខណៈផ្នែក ហិរញ្ញវត្ថុ សម្រាប់ការចូលនិវត្តន៍។ ទំនាក់ទំនងគ្រួសារ និងសង្គមក៏មានសារៈសំខាន់ផងដែរ ក្នុងការជំរុញ ប្រជាជនវ័យចាស់ឱ្យមានសុខភាពល្អ និងផលិតភាព និងបង្កើនការរួមចំណែករបស់ពួកគាត់ក្នុងសង្គម។»
យោងតាមរបាយការណ៍នេះ ៤0% នៃមនុស្សមានអាយុលើសពី ៦0 ឆ្នាំនៅអាស៊ី និងប៉ាស៊ី ហ្វិក ខ្វះលទ្ធភាពទទួលបានប្រាក់សោធននិវត្តន៍នានា ដែលក្នុងនោះស្ត្រីរងផលប៉ះពាល់មិនសមាមាត្រ ដោយ សារពួកគាត់ទំនងជាធ្វើការងារផ្ទះដែលមិនទទួលបានប្រាក់ខែកម្រៃ។ ជាលទ្ធផល ប្រជាជនវ័យចំណាស់ ជាច្រើននៅក្នុងតំបន់គ្មានជម្រើសអ្វីក្រៅពីធ្វើការឱ្យបានល្អលើសពីអាយុចូលនិវត្តន៍ដើម្បីអាចគាំទ្រជីវភាពបាន។ ក្នុងចំណោមអ្នកដែលបន្តធ្វើការចាប់ពីអាយុ ៦៥ ឆ្នាំ ឬចាស់ជាងនេះ ៩៤% ធ្វើការក្នុងវិស័យក្រៅ ផ្លូវការ ដែលជាធម្មតាមិនផ្តល់ការការពារការងារជាមូលដ្ឋាន ឬអត្ថប្រយោជន៍សោធននិវត្តន៍នោះទេ។
បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តក៏កើនឡើងទៅតាមអាយុផងដែរ។ ប្រហែល ៦0% នៃប្រជាជន អាស៊ីនិងប៉ាស៊ីហ្វិកវ័យចំណាស់មិនចូលរួមឬ ទទួលការពិនិត្យសុខភាពជាទៀងទាត់ទេ ខណៈដែល ៣១% មានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺ ភាពឯកោក្នុងសង្គម និង អសន្តិសុខសេដ្ឋកិច្ច។ ស្ត្រីវ័យ ចំណាស់ងាយរងគ្រោះជាងបុរសវ័យចំណាស់ពីសុខភាពមិនល្អ ដែលរួមមានជំងឺធ្លាក់ ទឹកចិត្ត ជំងឺទឹកនោម ផ្អែម និងជំងឺលើសឈាម។
របាយការណ៍នេះ បានផ្តល់អនុសាសន៍ទូលំទូលាយអំពីវិធានការគោល នយោបាយ ដើម្បីគាំទ្រដល់ការឈានចូលវ័យចំណាស់ជាមួយការធានាផ្នែក សុខភាព និងសេដ្ឋកិច្ច ។ ក្នុងចំណោមនោះ មានគម្រោង ធានារ៉ាប់រងសុខភាព និងសោធននិវត្តន៍គាំទ្រដោយរដ្ឋាភិបាល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព និងការពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ព្រមទាំងការវាយតម្លៃរបៀបរស់នៅផ្សេងៗ។ អ្នកបង្កើត គោលនយោបាយគួរផ្តោតលើការគ្របដណ្តប់នៃការថែទាំសុខភាពជាសកល ជាមួយនឹងការពង្រីកកិច្ចការ ពារលើការងារជាមូលដ្ឋានឱ្យបានដល់កម្មករក្រៅផ្លូវការដែលមានវ័យចំណាស់។
តាមរយៈការធ្វើឱ្យអាយុចូលនិវត្តន៍ជាកាតព្វកិច្ចកាន់តែមានភាពបត់បែន ការជួយមនុស្សចាស់ ឱ្យ មានសុខភាពល្អ និងការផ្តល់ឱ្យពួកគាត់នូវឱកាសការងារសមរម្យ ក៏ដូចជាការរៀនសូត្រ និងការអភិវឌ្ឍ ជំនាញ ពេញមួយជីវិត ប្រទេសក្នុងតំបន់អាចជួយប្រជាជនវ័យចំណាស់រក្សាផលិតភាពបានយូរ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕