សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតចូលរួមពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានៅកម្ពុជា គឺនឹងនាំផលប្រយោជន៍ជាច្រើនទៅដល់សេដ្ឋកិច្ច សង្គម និងប្រជាពលរដ្ឋកម្ពុជា ហើយនឹងជួយលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ដូចជាផ្ដល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងថា ការបើករោងចក្រផលិតនៅក្នុងប្រទេស មិនចំណាយថ្លៃពន្ធនាំចូល នោះនឹងធ្វើឱ្យប្រជាជនអាចទិញប្រើប្រាស់ក្នុងតម្លៃសមរម្យ។ ទោះបីមិនបង់ពន្ធនាំចូល តែក្រុមហ៊ុនក៏ត្រូវបង់ពន្ធក្នុងស្រុកដែរ ព្រោះនៅពេលប្រជាជនទិញប្រើប្រាស់ច្រើន នឹងមានការបង់ពន្ធផ្សេងៗទៀត។

សម្ដេចបានបន្តថា បច្ចុប្បន្ននៅកម្ពុជាមិនត្រឹមតែមានក្រុមហ៊ុនផលិតប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនផលិតទំនិញ ផលិតផលនាំចេញក្រៅស្រុកទៀតដែរ។ នេះហើយជាមហិច្ឆតារបស់កម្ពុជា ដែលពីមុនធ្លាប់តែជាប្រទេសនាំចូលគ្រប់មុខ តែឥឡូវនេះមានសមត្ថភាពអាចផលិតខ្លួនឯង ពង្រីកការផ្គត់ផ្គង់ ពង្រីកមុខទំនិញកាន់តែច្រើនជាងមុខ។

ការបង្កើនជីវភាពរស់នៅរបស់ប្រជាជន មិនមែនត្រឹមតែបង្កើនតែប្រាក់បៀវត្សរ៍របស់ពួកគាត់នោះទេ តែក៏ត្រូវរក្សានូវថ្លៃទំនិញ ដើម្បីធ្វើឱ្យចំណាយរបស់ពួកគាត់នៅតិច មានលទ្ធភាពទិញបានច្រើន ហើយសល់ប្រាក់ច្រើនសម្រាប់ប្រើប្រាស់លើផ្នែកផ្សេងៗ។ ដូច្នេះការរក្សាអតិផរណារបស់កម្ពុជា គឺជាការសំខាន់ៗ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ការសម្ពោធរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយូតានាពេលនេះ គឺនាំផលប្រយោជន៍ជាច្រើនជូនទៅដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋកម្ពុជា ហើយសំខាន់គឺលើកកម្ពស់លទ្ធភាព និងកិត្យានុភាពរបស់កម្ពុជា ក៏ជាមោទនភាពរបស់ជាតិយើងផង របស់ប្រជាជនខ្មែរយើងផង»។

សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញផលិតផលជាច្រើន បញ្ជាក់ថា ផលិតនៅកម្ពុជា ព្រោះនេះបង្ហាញថាកម្ពុជាកាន់តែពង្រីកសមត្ថភាពដកដង្ហើមខ្លួនឯង ម្ចាស់ការខ្លួនឯងកាន់តែទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds