រដ្ឋមន្រ្តីការងារ៖ ការអនុវត្តបាននូវសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ គឺដើម្បីជ្រោងវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង
រដ្ឋមន្រ្តីក្រសួងការងារ អះអាងថា ការប្រារព្វខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ដល់កម្មករនិយោជិត និងពង្រឹងយន្តការបង្ការនិងដោះស្រាយវិវាទការងារ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។
ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការជ្រើសរើសប្រធានបទសម្រាប់ឆ្នាំនេះ ក៏ផ្ដើមចេញពីការអនុវត្តអនុសាស ន៍រួមគ្នារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលដែលសម្តេចទាំងពីរចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចាប់តាំងពីឆ្នាំ២០១៧កន្លងមក។
លោក ហេង សួរ បានថ្លែងថា ការប្រារព្ធទិវានៅឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារឰធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណែនាំដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា កាសរីករាយ និងសាមគ្គីភាព រវាងកម្មករនិយោជិត និងនិយោជក។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាដើម្បីជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជកក្នុងវិស័យកាត់ដេរស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រឡងប្រណាំង និងប្រែក្លាយការប្រឡងប្រណាំងនេះទៅជាចលនាជាតិមួយ សំដៅអភិវឌ្ឍវប្បធម៌អនុលោមភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកតម្កើងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាសនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន១ ក្នុងការកំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨៕