ប្រហិតចម្រុះចំនួន៨០កេស និង១៦២ការ៉ុង ស្មើនឹង៨,៦២០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងដុតបំផ្លាញចោល
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំកិច្ចសហការពីមន្ត្រីជំនាញគយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យលើទំនិញប្រហិតចម្រុះ (ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម) ចំនួន៨០កេសនិង១៦២បាវ ស្មើនឹង ៨,៦២០គីឡូក្រាម ដែលមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឈ្មួញលួចនាំចូលដឹកតាមរថយន្តស៊ាំយ៉ុងចំនួន២គ្រឿង។
មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– បានរកឃើញថា ទំនិញប្រហិតចម្រុះ ទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់ ដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ២គ្រឿង
– ការវេចខ្ចប់ (ច្រកដាក់ក្នុងការ៉ុង) និងដឹកជញ្ជូនពុំត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) ដែលនាំឱ្យទំនិញប្រហិតទាំងនោះប្រែប្រួលបាត់បង់គុណភាព
យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេច ធ្វើការដកហូតយកទៅបំផ្លាញចោលតាមនីតិវិធី នូវទំនិញប្រហិតចម្រុះទាំងនោះដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕