នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន ០៤នាក់
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី នៅចំណុចក្រុមទី០៧ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ គង់ លីដេត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២.ឈ្មោះ ប៉ិច សុធា ហៅគង់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និង៣.ឈ្មោះ រុំ សៅណា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិចពណ៌ស ពាក់ស្លាកលេខបាត់ដំបង1AQ-1695 ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៤ និង៥០នាទី នៅចំណុចក្រុមទី៣៣ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ លី គឹមជា ហៅ កុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់នៅ ក្រុមទី០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់
-ម្សៅក្រាមពណ៌សស្រអាប់ សង្ស័យមានសារធាតុញៀនចំនួន ០២ថង់
-ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែតមានអក្សរបរទេស (WY) ចំនួន ១៤៨គ្រាប់
-កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន ០៥កញ្ចប់
-កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូរ ចំនួន ០៥កញ្ចប់
-កញ្ចប់ពណ៌ស្វាយសញ្ញារូបផ្លែទំពាំងបាយជូរ ចំនួន ០៥កញ្ចប់
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕