ឯកឧត្តមហេង សួរ បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀតនិងពិភាក្សាការងារជាមួយប្រធានILOប្រចាំកម្ពុជា ឡាវ និងថៃ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian(ស៊ាវយាន ឈាន) នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ ILO ដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខុមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់លម្អិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។
ជាចុងក្រោយ ទាំងឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Yan ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមក ដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds