តំណាង IPCC គុនខ្មែរ៖ ក្រៅពីការរៀបចំកម្មវិធីធំៗនៅកម្ពុជា ថោនគ្រោងនឹងបញ្ជួនកីឡាករកម្ពុជា ទៅលេងទឹកភ្លៀង និងលេងទឹកកក នៅក្រៅប្រទេសផងដែរ
(គុនខ្មែរ)៖ ទីប្រឹក្សាជាន់ខ្ពស់ស្ថានីយទូរទស្សន៍ថោន និងជាតំណាង IPCC គុនខ្មែរប្រចាំព្រះរាជាណាចក្រកម្ពុជា លោកថម មីគីម អះអាងថា ក្រៅពីការរៀបចំកម្មវិធីធំៗនៅក្នុងប្រទេសកម្ពុជា ស្ថានីយទូរទស្សន៍ថោន គ្រោងនឹងបញ្ជួនកីឡាករកម្ពុជា ទៅលេងទឹកភ្លៀង និងលេងទឹកកក នៅក្រៅប្រទេសផងដែរ។
ថ្លែងក្នុងសន្និសីទកាសែតកម្មវិធី GANZBERG រាជសីហ៍ KUN KHMER ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលត្រៀមប្រកួតនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ ទីប្រឹក្សាជាន់ខ្ពស់ស្ថានីយទូរទស្សន៍ថោន និងជាតំណាង IPCC គុនខ្មែរប្រចាំព្រះរាជាណាចក្រកម្ពុជា លោកថម មីគីម បានអោយដឹងថា យើងសង្កេតឃើញថា វិស័យគុនខ្មែរចាប់ផ្តើមរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្មវិធី GANZBERG រាជសីហ៍ KUN KHMER លើកនេះធំជាងលើកមុនៗ ដោយប្រជុំទៅដោយកីឡាករជើងខ្លាំងមកពីរ៣ប្រទេស រួមមានកម្ពុជា ម្ចាស់ផ្ទះ កីឡាករចិន និងកីឡាករជប៉ុន។ ក្រៅពីនេះក៏យើងបញ្ជូកកីឡាករកម្ពុជារបស់យើងទៅប្រកួតនៅប្រទេសជប៉ុនផងដែរ។
លោកថា «ឥឡូវនេះយើងចាប់ផ្តើមបើកទ្វាទទួលកីឡាករបរទេសរួមមានប្រទេសចិន និងជប៉ុនមកចូលរួមប្រកួតលក្ខណៈមិត្តភាពនៅថ្ងៃនេះ។ ក្នុងនាមស្ថានីយទូរទស្សន៍ថោនដែលមានឯកឧត្តមវ៉ា សុធា និងលោកជំទាវឧកញ៉ាជួប មាន និងក្នុងនាមខ្ញុំផ្ទាល់មិននៅស្ងៀមទេ យើងតែងតែផ្តោតយុទ្ធសាស្ត្ររៀបផែនការក្នុងឆ្នាំ២០២៤ យើងសង្ឃឹមថា នឹងត្រៀមឈុតធំ ទៅលេងទឹកភ្លៀង ឬអាចលេងទឹកកកនៅក្នុងប្រទេសគេ យើងមិនត្រឹមតែលេងឈុតធំនៅកម្ពុជានោះទេ ថោនមានគម្រោងលេងឈុតធំនៅក្រៅប្រទេស ដោយយើងបានធ្វើការជាមួយដៃគូយើងជំហ៊ានទី១ ជំហានទី២រួចរាល់ហើយ ប៉ុន្តែយើងរងចាំមើលពេលវេលា និងរងចាំមើលកីឡាករយើងបានរៀបចំរួចរាល់ហើយឬនៅ»។
លោកបន្ថែមថា ឥឡូវនេះជាពេលវេលាដែលយើងត្រូវដើរបង្ហាញទង់ជាតិរបស់យើង ដើរផ្សព្វផ្សាយប្រទេសយើង ដើរបង្ហាញក្បាច់គុនរបស់យើងទៅកាន់ពិភពលោកអោយគេបានដឹងបានលឺផងដែរ។
ចំណែកលោកតែម ម៉ឺន ប្រធានកិត្តិយសសហពន្ធ័កីឡាឃីកបុកស៊ឹង បានថ្លែងអំណរគុណដល់ស្ថានីយទូរទស្សន៍ថោនដែលមានឯកឧត្តមវ៉ា សុធា និងលោកជំទាវឧកញ៉ាជួប មាន ដែលតែងតែជួយជ្រោមជ្រែង ទាំងស្មារតី សម្ភារៈ និងថវិការ ក្នុងការលើកកំពស់វិស័យកីឡាប្រដាល់ និងកីឡាឃីកបុកស៊ីងកម្ពុជា ជាពិសេសបានជំរុញការងារការប្រកួតជាច្រើន នៅក្នុងប្រទេសកម្ពុជារបស់យើង។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ GANZBERG រាជសីហ៍ KUN KHMER ដែលត្រៀមប្រកួតនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ ប្រជុំដោយកីឡាករជួរមុខរួមមាន៖ កីឡាការិនី អេ យ៉ានុត ប៉ះកីឡាករចិន, កីឡាករជ័រ ពៅ ប៉ះកីឡាករជប៉ុន , កីឡាករម៉ឺន មេឃា ប៉ះកីឡាករ ចិន, កីឡាករពេជ្រ សម្បត្តិ ប៉ះកីឡាករ ជប៉ុន, កីឡាកររឿង សោភ័ណ្ឌ ប៉ះកីឡាករ ចិន, កីឡាករធឿន ធារ៉ា ប៉ះកីឡាករចិន។ ទីតាំងនៅក្បែរដីឡូតិ៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨យប់តទៅ។ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV នៅលើហ្វេសប៊ុកផេក TOWN BOXING និង BEER GANZBERG៕