កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​លោក ជួន គ​ន្ធា តាម​ដីកា​របស់​តំណាង​អយ្យការ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ប្រកាស​យក​ដី​រដ្ឋ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ

សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​លោក ជួន គ​ន្ធា តាម​ដីកា​របស់​តំណាង​អយ្យការ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ប្រកាស​យក​ដី​រដ្ឋ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ាល់ ខេត្តកំពង់ស្ពឺ ។

កម្លាំង​សមត្ថកិច្ច​នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចុះ​អនុវត្ត​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដោយ​នាំ​ខ្លួន​បុគ្គល​ឈ្មោះ ជូន គ​ន្ធា ពាក់ព័ន្ធ​ករណី​ញុះញង់​ប្រជាពលរដ្ឋ​អោយ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​ប៉ុនប៉ង​ឆបោក ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​បន្ត​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ម្លប់​ជម្ពូ​ត្រជាក់ចិត្ត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចោទប្រកាន់​លោក ជួន គ​ន្ធា ពី​បទ «​ប៉ុន​ប៉​​ង​ឆបោក និង​ញុះ​ញ​​ង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទ​ឧ​ក្រិ​ដ្ឋ​ជា​អាទិ៍​» កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​រោង​ម៉ាស៊ីន និង​ភូមិ​ធ្នៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ក្រោយ​ទទួល​បាន​ដីកា​របស់​តំណាង​អយ្យការ​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤​និង​២៥​នាទី កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន​ឈ្មោះ ជួន គ​ន្ធា នៅ​ភោជនីយដ្ឋាន “​ម្លប់​ជម្ពូ​ត្រជាក់ចិត្ត​” ផ្លូវ​លេខ​១៩៧២ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ថា មាន​បុគ្គល​ឈ្មោះ ជួន គ​ន្ធា ធ្វើការ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ភូមិ​រោង​ម៉ាស៊ីន និង​ភូមិ​ត្រពាំង​ធ្មៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ដកំពង់ស្ពឺ​។ ការ​បដិសេធ​នេះ បន្ទាប់​ពី​បុគ្គល​ឈ្មោះ ជួន គ​ន្ធា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម ចែក​ជូន​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ទំហំ ១០​ម៉ែត្រ គុណ​៣០​ម៉ែត្រ តែ​ត្រូវ​ចេញ​លុយ​ម្នាក់​ៗ ៤៥០​ដុល្លារ ជា​ថ្លៃ​រដ្ឋបាល និង​ការ​ឈូស​ឆាយដី ៕  

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds