គ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ បានផ្ទុះបណ្តាលប្រជាពលរដ្ឋស្លាប់ចំនួន ០៤នាក់ និងរងរបួស ០២នាក់
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ នាវេលាម៉ោង១៣ និង២០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យថា ៖ មានករណីផ្ទុះគ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ បានផ្ទុះបណ្ដាលអោយប្រជាពលរដ្ឋចំនួន ០៤នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ព្រមទាំងមនុស្សចំនួន ០២នាក់ ទៀតបានរងរបួស។ ហេតុការផ្ទុះគ្រាប់ខាងលើនេះបានកើតឡើងត្រង់ចំណុចត្រពាំងតុង ស្ថិតក្នុងភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន ហាន ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ ព្រមទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងជំនាញយុត្តិធម៌ និងកម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា និងមានការចូលរួមពីលោក ជ្រង ធីល អភិបាលរងក្រុង និងលោកជំទប់ទី២ សង្កាត់រមនា ព្រមទាំងប្រជាការពារ បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ ពេលដែលចុះទៅដល់កន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានពិនិត្យឃើញជនរងគ្រោះខាងលើមានដូចខាងក្រោម ៖
១-ឈ្មោះ ធើប ក្លេវ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង ត្រូវជាឪពុក ឈ្មោះ ក្លេវ ដា (ស្លាប់) ។ ២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង ប្តី (ស្លាប់)។ ៣-ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ កូន (ស្លាប់)។ ៤-ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ កូន (ស្លាប់)។ ៥-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិព្នង ប្រពន្ធ (របួសស្រាល)។ ៦-ឈ្មោះ ដា វាសនា ភេទស្រី អាយុ ០៦ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៦នាក់ខាងលើ មានទីលំនៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អង្គហេតុមុនពេលដែលបានកើតហេតុ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះទាំង៦នាក់ខាងលើ បានទៅរើសជ័រនៅម្ដុំចំណុចត្រពាំងតុង រួចក៏បាននាំគ្នាសម្រាកក្រោមដើមឈើ ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយនៅគល់ឈើ បន្ទាប់មកឈ្មោះ ធើប ក្លេវ ក៏បានប្រាប់កូន កូនប្រសារ ព្រមទាំងចៅថា “នេះជារបស់ចាស់ពីមុនមក” បន្ទាប់មកជនរងគ្រោះឈ្មោះ តែក ខ្លូង បាននាំកូនស្រីឈ្មោះ ដា វាសនា ដើរចេញពីទីនោះប្រហែលបាន៦ទៅ៧ម៉ែត្រ គ្រាប់ក៏បានផ្ទុះ បណ្ដាលអោយជនរងគ្រោះឈ្មោះ តែក ខ្លូង និងឈ្មោះ ដា វាសនា រងរបួស ហើយឈ្មោះ តែក ខ្លូង ក៏បានរត់ទៅមើលជនរងគ្រោះទាំង ៤នាក់ទៀត ក៏ឃើញថាអ្នកទាំង៤នាក់ (១.ធើប ក្លើវ ២.ក្លើវ ដា ៣.ដា ហាត់ ៤.ដា សា) បានស្លាប់បាត់ទៅហើយ រួចជនរងគ្រោះឈ្មោះ តែក ខ្លូង ក៏នាំជនរងគ្រោះឈ្មោះ ដា វាសនា ដើរត្រលប់មកភូមិវិញ (ស្រែអ៉ី) ដើម្បីអោយគេជួយអន្តរាគមន៍។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួស ត្រូវបានរថយន្តនៃមន្ទីរពេទ្យបង្អែកខេត្តដឹកយកមកព្យាបាល នៅមន្ទីរពេទ្យអង្អែកខេត្តមណ្ឌលគិរី រីឯសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕