ក្រសួង​ការងារ រំដោះពលរដ្ឋ​ខ្មែរជិត៨០នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧៨​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត នោះ រក​ឃើញ​ទីតាំង ហើយ បាន​និង​កំពុង​រៀបចំ​ជួយ​សង្គ្រោះ​បងប្អូន​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ។

ការបញ្ជាក់បែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទទួល និងទំនាក់ទំនងរកឃើញទីតាំងខាងលើចាញ់បោកមេខ្យល់នឹងហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។

សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និងស្នាក់នៅរបស់បងប្អូន។

សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិតគឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងបន្តតាមដាន សម្របសម្រួលការធ្វើមាតុភូមិនិវត្តរបស់បងប្អូនជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds