ភ្ញៀវទេសចរប្រមាណ១លាន៨៣ម៉ឺននាក់ បានមកលេងកម្សាន្តកំពង់ចាម នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១លាន៨៣ម៉ឺននាក់បានមកលេងកម្សាន្តសង្ក្រាន្តកំពង់ចាម និងតាមរមណីយដ្ឋាននានាក្នុងខេត្តនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម។
របាយការណ៍បានឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ បានមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាមសរុបមានចំនួន ១.៨៣៥.៧២០នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៨២៩.០៣១នាក់ និងភ្ញៀវបរទេស មានចំនួន ១៤៨នាក់។
ទន្ទឹមនឹងនេះដែរ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅក្នុងមូលដ្ឋាន ដើម្បី បង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន ៕