ក្រុមកីឡាបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា នាំយកថវិកាជើងឯកពានយុវជនអន្តរក្រសួង-ស្ថាប័នប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា
រាជធានីភ្នំពេញ៖ រសៀលថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាននាំយកថវិកាចំនួន ៤លានរៀល ដែលជាប្រាក់រង្វាន់អមពានរង្វាន់ជើងឯកការប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ រដូវកាល ២០២៤ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា តំណាងដោយលោក មាស សារិទ្ធ ប្រធានរដ្ឋបាល មន្ទីរពេទ្យ។
ឯកឧត្តម ប៉ុន សុខ បានលើកឡើងថា ក្រុមកីឡាបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាបានឆ្លងកាត់ការប្រកួតវគ្គជម្រុះក្នុងពូល ហើយបានឈ្នះបន្តឡើងមកវគ្គ១៦ក្រុម បន្តឈ្នះវគ្គ៨ក្រុម និងវគ្គ៤ ក្រុមចុងក្រោយរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយសុទ្ធសឹងតែបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ។ ក្នុងនាមក្រសួងយុវជន និងកីឡា និង ក្រុមកីឡាករទាំងអស់បានមូលមតិគ្នា ក្នុងការបរិច្ចាគជូនដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ជា នាពេលនេះ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន លើកទី៩ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅទីលានមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលក្រសួងអប់រំ យុវជន និងកីឡា បានយកឈ្នះក្រុមកីឡាករក្រសួងសុខាភិបាល ដោយលទ្ធផល ២-១ ៕