សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ គឺឈរលើគោលការណ៍ ទទួលស្គាល់ និង គាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និង បុគ្គលទាំងអស់ ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និង ការពន្យារកំណើត, ហើយឱ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និង មធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ។ សម្តេចធិបតី សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពខាងសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីកម្រិត ជំនួស (២,១) ដើម្បីចៀសវាងនូវហានិភ័យនាកង្វះកម្លាំង នាពេលអនាគត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ក្រសួងផែនការមានតួនាទីសំខាន់, ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការ សម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ, ស្ថិតិ និង ប្រជាសាស្ត្រ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស។
សម្តេចធិបតីបានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់សម្រាប់អនុវត្តយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងរបៀបវារៈផ្សេងៗ សម្តេចសូមស្នើឱ្យក្រសួងផែនការ ពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានទាន់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផ្ដល់ការណែនាំបន្ថែម «ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានលម្អិត, ជាក់លាក់, គ្រប់គ្រាន់, ទាន់ពេល និង មានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន, ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ»។