ក្រសួងបរិស្ថានកម្ពុជា កំពុងតែយកចិត្តទុកដាក់ ចំពោះឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅឡាវ
ក្រសួងបរិស្ថានកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ចំពោះឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមីស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាងប្រទេសឡាវ ដែលបណ្តាលឱ្យមានការ លេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គរបស់ក្រសួងបរិស្ថាននៅថ្ងៃទី០៩ ខែមេសា នេះ។
សេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមីស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាងប្រទេសឡាវ ដែលបណ្តាលឱ្យមានការ លេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងព្រះបាង ហើយមានចំងាយប្រមាណ ១ ៣៧០ គីឡូម៉ែត្រពី ព្រំប្រទល់កម្ពុជា-ឡាវ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដដែលបន្ថែមថា ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើកាវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅក្នុងទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ តាមរយៈគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គជាបន្តទៀត។
ករណី មានឧបទ្ទហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី នៅស្ទឹង ណាមខាន់ ភូមិភូសាងខាំ ក្នុងខេត្តលួងប្រាបាង ប្រទេសឡាវ។ សាលាក្រុងលួងប្រាបាង បានចេញលិខិតជូនដំណឹង ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានជម្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា ការងូតទឹក ហែលទឹក ឬប្រមូលត្រីងាប់ពីស្ទឹង ណាមខាន់ និងពីទន្លេមេគង្គក្នុងទឹកដីលួងប្រាបាង មកលក់ ឬមកបរិភោគ ត្រូវបានហាមឃាត់ដាច់ខាត ដោយសារថាមានសារធាតុគីមីមួយចំនួន បានហូរចូលស្ទឹង ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស សត្វ និងត្រី។ អាជ្ញាធរក្រុង បានណែនាំឲ្យអាជ្ញាធរភូមិ ភូសាងខាំ ត្រូវផ្តល់ដំណឹង និងព្រមានអ្នកភូមិជាប្រចាំអំពីបញ្ហានេះ។
ដោយឡែកបើតាមអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា MRC (ប្រចាំនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ) បានអោយដឹងថា សារធាតុគីមី ដែលកំពប់នោះ គឺអាស៊ីតស៊ុលភួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ ។ ករណីនេះ, នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួង ប្រាបាង ដើម្បីអនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។
ដោយសារការចាត់វិធានការណ៍របស់អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ និងយោងព័ត៌មានបឋម ដែលទទួលបានពីខាងលេខាធិការដ្ឋាន MRC ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យអង្កេតជាក់ស្តែងដោយមន្រ្តីជំនាញលេខាធិការដ្ឋាន MRC និងភាគីឡាវ នៅស្ទឹង ណាមខាន់ Nam Khan និងទន្លេមេគង្គ គឺបង្ហាញថា ពុំមានផលប៉ះពាល់មកលើ ទន្លេ Nam Khan និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី នោះទេ។ លេខាធិការដ្ឋាន MRC នឹងជូនដំណឹងអំពីករណីនេះ ជាសាធារណៈនាពេលឆាប់ៗនេះ៕