វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការផលិតមូលធនមនុស្សនៅកម្ពុជា
ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននិងកំពុងចូលរួមយ៉ាងសកម្មលើផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមការតម្រង់ទិសគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដោយធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺសិស្សត្រូវរៀន “ឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ សិក្ខាកាម សិស្ស និស្សិត កំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់កម្រិតសិក្សានីមួយៗ ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដល់បរិញ្ញាបត្របច្ចេកទេស សរុបចំនួន ៦៦ ៨៩៤នាក់ ក្នុងនោះស្រី ២៣ ៦៩១នាក់ លើមុខជំនាញក្នុងវិស័យសំខាន់ៗ ដូចជា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា, វិស័យសំណង់, វិស័យអគ្គិសនី និងថាមពល, វិស័យអេឡិចត្រូនិក, វិស័យកម្មន្តសាល, វិស័យមេកានិចទូទៅ/មេកានិចរថយន្ត, វិស័យសេវាកម្ម, វិស័យបរិក្ខារត្រជាក់ និងកម្តៅ, វិស័យទេសចរណ៍, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ មុឺនរៀល ។ បន្ទាប់ពីកម្មវិធីនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាព សម្តេចធិបតី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានដាក់ឱ្យដំណើរការវគ្គបណ្តុះបណ្តាលទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បច្ចុប្បន្ន ក្រសួងការងារបានទទួលយុវជនឱ្យចុះឈ្មោះចូលរៀនសរុបប្រមាណ ៣ម៉ឺននាក់ និងបានកំពុងបើកវគ្គបណ្តុះបណ្តាលនៅជំហានទី១ ដល់សិស្សសរុបចំនួន ១៦ ២៦៧នាក់ ក្នុងនោះស្រីចំនួន ៥ ២២៣នាក់ លើមុខជំនាញសំខាន់ៗ ក្នុងវិស័យទាំង ១០ ខាងលើផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល ភាគីពាក់ព័ន្ឋ យុវជន នៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀន មករៀនឱ្យបានទៀងទាត់ និងឱ្យចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានប្រាក់ចំណូលទៀងទាត់៕