លោក ព្រាប កុល អះអាងជាថ្មីម្ដងទៀតថា លោកគ្មានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហារបស់ក្រុមហ៊ុន CIC ឡើយ
រដ្ឋមន្ត្រីអមនាយកររដ្ឋមន្ត្រី លោក ព្រាប កុល បានអះអាងថា លោកមិនមានការជាប់ពាក់ព័ន្ធអ្វីទៅនឹងបញ្ហារបស់ក្រុមហ៊ុន CIC ដូចការចោទប្រកាន់របស់បុគ្គល យ៉ង ប៉ាក់ ឡើយ ខណៈបុគ្គល យ៉ង ប៉ាក់ កំពុងស្ថិតក្នុងនីតិវីធីរបស់តុលាការ។
ការចេញមកអះអាងជាថ្មីពេលនេះ ក្រោយក្រុមអ្នកវិភាគ និងសារព័ត៌មានក្រៅប្រទេសមួយចំនួនបានផ្សព្វផ្សាយមួលបង្កាច់ដោយមិនមានមូលដ្ឋាន ដោយភ្ជាប់ឈ្មោះរបស់លោក ព្រាប កុល នៅក្នុងបញ្ហារបស់ក្រុមហ៊ុន CIC ដែលកំពុងមានបញ្ហាចម្រូងចម្រាស។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ លោក ព្រាប កុល បានរៀបរាប់ដូច្នេះថា៖ «ដោយសាថ្មីៗនេះ មានក្រុមអ្នកវិភាគ និងសារព័ត៌មាននៅក្រៅប្រទេសមួយចំនួនបានព្យាយាមទាញភ្ជាប់រូបខ្ញុំទៅនឹងបញ្ហារបស់ CIC ដែលមានការផ្សព្វផ្សាយជាហូរហែរ ដោយលើកយកអំណះអំណាងប្រតិដ្ឋ មួលបង្កាច់ ចោទដោយគ្មានភស្តុតាងរបស់ជនជាប់ចោទ យ៉ង ប៉ាក់»។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក ព្រាប កុល បានបង្ហាញនូវឯកសារបញ្ជាក់របស់ប្រធានគណៈកម្មការគ្រប់គ្រង និងស្តារនៃក្រុមហ៊ុន CIC ដែលបញ្ជាក់ពីភាពគ្មានជាប់ពាក់ព័ន្ធរបស់លោកជាមួយក្រុមហ៊ុននេះទេ។
លោក ព្រាប កុល គូសបញ្ជាក់ថា ការផ្សព្វផ្សាយលិខិតឆ្លើយឆ្លងជាផ្លូវការនេះ មានគោលបំណងបំភ្លឺដល់សាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីភាពគ្មានការពាក់ព័ន្ធរបស់លោក ទៅនឹងបញ្ហារបស់ CIC ដូចការចោទមួលបង្កាច់របស់ យ៉ង ប៉ាក់ និងការផ្សព្វផ្សាយរបស់សារព័ត៌មាន និងអ្នកវិភាគមួយចំនួនឡើយ។
លោក បន្ថែមថា៖ «លិខិតដែលមានចម្លងជូនថ្នាក់ដឹកនាំកំពូលនេះ គួរអាចបញ្ជាក់ដល់សារធារណ:ជនបានជ្រាបជាព័ត៌មាន និងចៀសវាងការយល់ច្រឡំ ដោយសារការផ្សព្វផ្សាយណាមួយ ឬការលើកឡើងរបស់អ្នកវិភាគណាមួយដែលយកឈ្មោះខ្ញុំទៅលាយឡំ ដោយសំអាងព័ត៌មានប្រតិដ្ឋមួលបង្កាច់មកលើរូបខ្ញុំដោយជនជាប់ចោទ យ៉ង ប៉ាក់»។
តែយ៉ាងណា លោក ព្រាប កុល បានអះអាងថា ពេលនេះ បុគ្គល យ៉ង ប៉ាក់ កំពុងស្ថិតក្នុងនីតិវីធីរបស់តុលាការ ដូច្នេះ លោកមិនទាន់អាចអត្ថាធិប្បាយ ឬបង្ហាញភស្តុតាង និងកំណត់ហេតុសារភាពរបស់ យ៉ង ប៉ាក់ បាននៅឡើយទេ។ ប៉ុន្តែ លោកនឹងធ្វើសន្និសិទ្ធិសារព័ត៌មានពន្យល់លម្អិត ក្រោយពេលតុលាការបញ្ជប់សាវនាការនៃសំណុំរឿងនេះ៕