កូនខ្មែរ!! រិទ្ធី លំអរពេជ្រ បានជោគជ័យដឹកនាំ និង ថត ភាពយន្តខ្លីនៅប្រទេសហ្វីលីពីន!!! ត្រៀមបញ្ចាំង ក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង
បន្ទាប់ពីចំណាយពេលជាង១ខែក្នុងការថត និង ដឹកនាំខ្សែភាពយន្តខ្លីនៅក្នុងប្រទេសហ្វីលីពីន នៅពេលនេះកូនខ្មែរ កញ្ញា រិទ្ធី លំអរពេជ្រ បានបញ្ចប់ការងារផលិតយ៉ាងជោគជ័យ និង មានការគាំទ្រខ្លាំងពីប្រជាជនហ្វីលីពីន។ តាមរយ:វីដេអូខ្លី បានបង្ហាញពីការគាំទ្ររបស់ហ្វីលីពីន មកលើរិទ្ធី លំអរពេជ្រ នៅពេលដែលនាងបានចុះថត ខ្សែភាពយន្តនៅ Dapitan ដែលជាទីក្រុងមួយនៅ ក្នុងឧបទ្វីប Zamboanga របស់ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ថាជាទីសក្ការបូជាជាច្រើន និងជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
កញ្ញា រិទ្ធី លំអរពេជ្រ បានលើកឡើងទាំងចិត្តរំភើបថា «វាមិនមែនជាលើកទីមួយរបស់ខ្ញុំធ្វើការជាមួយបរទេសនោះទេ ប៉ុន្តែជាលើកទីមួយរបស់ខ្ញុំធ្វើការលើឆាកអន្តរជាតិ ដែលមានក្រុមការងារ និង តួសម្តែងសុទ្ធតែជាជនជាតិហ្វីលីពីនសុទ្ធ តែម្តង»។ ខ្សែភាពយន្តខ្លី «Silig» គឺជាការសហការដឹកនាំរវាងរិទ្ធី លំអរពេជ្រ និង ផលិតករជនជាតិហ្វីលីពីន Arvin Belarmino និយាយពីជីវិតរបស់ស្រ្តីមួយរូបដែលមានជំងឺមហារីក បានព្យាយាមប្រើពេលវេលាចុងក្រោយរបស់ខ្លួន ធ្វើរឿងរ៉ាវជា ច្រើនដែលខ្លួនមិនបានធ្វើកន្លងមកទៅកាន់មនុស្សសំខាន់របស់ខ្លួន។ សាច់រឿងនេះគឺជាការសម្តែងដោយ Sylvia Sanchez និង Angel Aquino ដែលជាតារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ដែលការសម្តែងរបស់ គាត់ធ្លាប់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិផងដែរ។
រឿងផលិតដោយកម្ពុជានេះត្រៀមចាក់បញ្ចាំងក្នុង មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ក្នុងរាត្រីDirectors’ Fortnight (aka Quinzaine des Cineastes) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ ក្រៅពីរឿងរបស់រិទ្ធី លំអរពេជ្រ ក៏មានខ្សែភាពយន្តខ្លី ចំនួន៣ផ្សេងទៀត ដែលផលិតដោយផលិតករវ័យក្មេងចំនួន៦ នាក់ផ្សេងទៀត ក៏ត្រូវចាក់បញ្ចាំងក្នុងរាត្រីនោះដែរ។
រិទ្ធី លំអរពេជ្របានបង្ហើបអោយដឹងថាបន្ទាប់ពីស្នាដៃនេះចាក់បញ្ចាំង នាងនឹងគ្រោងផលិតខ្សែភាពយន្តខ្នាតធំមួូយនៅ ក្នុងប្រទេសកម្ពុជា ហើយតាមរយ:ការចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ CANNES នេះគឺជាឪកាសមួយ សម្រាប់គាត់ស្វែងរកដៃគូរអន្តរជាតិ ដើម្បីសហការក្នុងការផលិត ក្នុងគោលបំណងពិសេសមួយគឺផ្សព្ធផ្សាយពីវប្បធម៌ ប្រពៃណីរបស់ប្រទេសកម្ពុជា។
រិទ្ធីលំអរពេជ្របានបន្តថាវិស័យភាពយន្តបានដើរតួនាទីចាំបាច់បំផុតដែលយើងត្រូវតែផ្សព្វទៅបណ្តាប្រទេស នៅខាងក្រៅជាលក្ខណៈអន្តរជាតិ ព្រោះខ្សែភាពយន្តជាភាសាអន្តរជាតិ និងជាសិល្បៈមួយដែលទូលំទូលាយខ្លាំង សម្រាប់ផ្សព្ធផ្សាយកម្ពុជា និង ផ្សារភ្ជាប់យទៅកាន់ពិភពលោកបានស្គាល់។
សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និងភាពយន្តឯកសារពីជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ហើយជាមហោស្រពភាពយន្តធំមួយក្នុងចំនោមមហោស្រពភាពយន្តអឺរ៉ុបធំៗ ចំនួន៣ ដូចជា ហោស្រពភាពយន្តទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ក្នុងប្រទេសអាល្លឺម៉ង់៕