សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅចូលរួមវេទិកាបូអាវ នៅប្រទេសចិន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូល​រួម​ចូល​រួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ​សម្រាប់អាស៊ី។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់​ពីថ្ងៃ​ទី២៧ ​ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមានលោកប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជន​ជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេស បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ​ក្នុងពិធីបើកសន្និ​សីទក្រោម​មូល​បទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះ​នឹង​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី​ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រ​កសិកម្មត្រូពិច​ចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​កម្ពុជា​-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែល​មិនស្វែងរក​ប្រាក់​ចំណេញ។
វេទិកាបូអាវ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនានេះ មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និង​តំបន់ក៏នឹងចូលរួមផងដែរ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds