ទូតជប៉ុន រៀបចំពិធីជូនដំណើរនិស្សិតកម្ពុជាចំនួន៣៤រូប ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤
(ភ្នំពេញ)៖ និស្សិតកម្ពុជា ចំនួន៣៤រូប ដែលបានជាប់អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤ ក្រោយធ្វើការប្រកួតប្រជែងយ៉ាងតឹងរឹងពីរដ្ឋាភិបាលជប៉ុន ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំពិធីជូនដំណើរមុននឹងចេញដំណើរចាក់ចេញពីកម្ពុជា ដើម្បីឆ្ពោះទៅកាន់ប្រទេសជប៉ុន សម្រាប់បន្តការសិក្សានៅទីនោះ ក្នុងពេលឆាប់ៗ។
ពិធីនេះជូនដំណើរនិស្សិតកម្ពុជាទាំង៣៤រូបនេះ បានធ្វើឡើងនៅនិវេសដ្ឋាន ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា និស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤ គឺមាន៣កម្រិត រួមមាន៖ កម្រិតក្រោយឧត្តមសិក្សា, កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកក៏បានសូមសម្តែងនូវការអបអរសាទរចំពោះនិស្សិតទាំង៣៤រូប ដែលបានជាប់អាហារូបករណ៍ក្រោយឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងជាបន្តបន្ទាប់យ៉ាងស្វិតស្វាញ។
លោកសង្កត់ធ្ងន់ថា «ក្មួយៗនិស្សិតអាហារូបករណ៍ដែលនឹងចាកចេញទៅកាន់ប្រទេសជប៉ុន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ ពិតជាមានអារម្មណ៍ក្តុកក្តួល ដែលនឹងត្រូវចាកចេញពីក្រុមគ្រួសារ មិត្តភក្តិ ដើម្បីចាប់ផ្តើមជីវិតថ្មីនៅទឹកដី ដែលខ្លួនមិនធ្លាប់រស់នៅ។ តែទោះជាយ៉ាងនេះក្តី ខ្ញុំជឿជាក់ថាការចំណាយពេលវេលានៅប្រទេសជប៉ុនជាមួយនឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា ជាបទពិសោធន៍ដែលមានតម្លៃមួយក្នុងជីវិតរបស់ក្មួយៗ។ ខ្ញុំសូមជូនពរ ក្មួយៗទាំងអស់ឱ្យជួបតែភាពជោគជ័យនាពេលអនាគត»។
លោក អ៊ូអិណូ អាត់ស៊ូស៊ី បន្ថែមថា រដ្ឋាភិបាលជប៉ុន បាននឹងកំពុងផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកដល់ពេលនេះ យុវជនវ័យក្មេងកម្ពុជាជាង១៤០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។ មានអតីតនិស្សិតខ្មែរដែលសិក្សានៅប្រទេសជប៉ុនជាច្រើនកំពុងដើរតួនាទីយ៉ាងសកម្មក្នុងវិស័យនានា។
លោកថា« ឆ្នាំមុនជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ត្រូវបានពង្រឹងបន្តដោយចីរភាព ដោយមានការគាំទ្រពីអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន នៅក្នុងសកម្មភាពនានា»។
ចំណែកលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីផ្តល់អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ជូនដល់និស្សិតកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយកម្ពុជាបានបញ្ជូនធនធានមនុស្សចេញទៅសិក្សានៅប្រទេសជប៉ុន តាមរយៈការប្រលងប្រជែងយ៉ាងស្វិតស្វាញ រហូតទទួលបានលទ្ធផលល្អ និងទទួលយកពីសាកលវិទ្យាល័យនីមួយៗរបស់ជប៉ុន។ ខណៈសាកលវិទ្យាល័យទាំងនោះ គឺមានភាពខ្លាំងរៀងៗខ្លួនជាដើម។
លោកបន្តថា «មានអតីតនិស្សិតកម្ពុជា ជាច្រើនរូបដែលវិលត្រឡប់មកកាន់កម្ពុជា បានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល តាមរយៈការនាំយកនូវចំណេះដឹង ជំនាញ និងបទពិសធន៍ដែលបានសិក្សានៅជប៉ុន មកសាបព្រោះក្នុងវិស័យឯកជន និងមន្ត្រីរាជការ។ បន្ថែមពីនេះអតីតនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសជប៉ុនមួយចំនួន ក៏បានក្លាយជាមគ្គទេសក៍ទាញក្រុមអ្នកវិនិយោគិនជប៉ុនជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ផងដែរ»។
លោកបណ្ឌិត បណ្ឌិត អ៊ុម រម្យណី រំពឹងថារាជរដ្ឋាភិបាលជប៉ុន នឹងពង្រីកបន្ថែមនូវចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យកាន់ច្រើនជាងនេះបន្ថែមទៀត៕