មន្ត្រីខ្មែរដែលអាមេរិកចាប់ខ្លួន និងចោទថារត់ពន្ធសត្វស្វាក្តាម កាលពីឆ្នាំ២០២២នោះ ពេលនេះត្រូវបានតុលាការរដ្ឋហ្លរីដារបស់អាមេរិកដោះលែង
(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានតុលាការអាមេរិកសម្រេចថា គ្មានទោសនោះទេ នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅកាន់សហរដ្ឋអាមេរិក។ ហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក គ្រី ម៉ះផល ត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌នៅអាមេរិក រយៈពេល១ឆ្នាំ ៤ខែ និង១០ថ្ងៃ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិក ប្រើអំណាចចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក គ្រី ម៉ះផល ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ សហរដ្ឋអាមេរិកនោះទេ។
ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គ្រី ម៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេសអស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ដ្រីរបស់ខ្លួន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលទាំងពីរអាណត្តិ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ របស់មន្ត្រីរាជការស្អាតស្អំ។
ក្រសួង ក៏បានថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធផ្សេងទៀត រួមមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅទីក្រុងវ៉ាស៊ីងតោន និងលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងញូយ៉ក ព្រមទាំងសហការី ក៏ដូចជា មេធាវី និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានរួមចំណែកសហការ គាំទ្រ និងតតាំងក្តីប្រកបដោយវិជ្ជាជីវៈ រហូតទទួលបាន យុត្តិធម៌ជូនដល់មន្ត្រីកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងសំណុំរឿងរបស់លោក គ្រី ម៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណង គោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។ ប៉ុន្តែក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្ដីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវលាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។
តាមរយៈករណីខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសរំលេចថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាង ត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។
មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។ បើទោះបីជាមានការបញ្ជាក់ម្ដងហើយម្ដងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថា ឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានានៅក្នុងរឿងជំនួញសត្វស្វាក្តាមនេះនៅតែបន្តកើតមាន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ម៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។
ក្រសួងកសិកម្ម បានថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលរំលោភ អំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។
ក្រសួងក៏បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្ត្រីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ៕