សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដើម្បីបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

(ភ្នំពេញ)៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ដំណើរបំពេញ​ទស្សន​កិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរ​សម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភា​ពាណិជ្ជ​កម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយ​សមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានា​ក្នុងការ​លើក​កម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើ​បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹង​មាន​ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិក​ក្លឹបធុរកិច្ច​កម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds