អ្នកឧកញ៉ា គួច ម៉េងលី ទទូចឱ្យបើកការស៊ើបអង្កេតជុំវិញករណីក្រុមហ៊ុនCIC
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (Mengly J.Quach Education) បានសរសេររៀបរាប់ថា៖ “ជូនចំពោះអ្នកពាក់ព័ន្ធទាំងអស់ (អ្នករងផលប៉ះពាល់ដោយសារក្រុមហ៊ុន CIC Plc)។
មូលនិធិត្រូវតែប្រមូលសងមកវិញ។ ករណីនេះត្រូវតែមានការស៊ើបអង្កេត! ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។
ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ។ ប្រាក់ពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ!
យើងគ្រប់គ្នាត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។ លទ្ធផលត្រូវតែមាន ដំណោះស្រាយត្រូវតែមាន! ព្រោះថាឧក្រិដ្ឋជននៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។ ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
ប្រទេសកម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងឡើយ ហើយ ប្រជាជនកម្ពុជាយើងក៏មិនត្រូវបាត់បង់ជំនឿជាដាច់ខាត។ ប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ។ ប្រសិនបើនៅតែបន្តបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងចិត្តផងដែរ។
ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមរបស់យើង ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។
ប្រសិនបើយើងទុកឱ្យជនបោកប្រាសមានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គមរបស់យើង។
ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើងនឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំង។ តោះ! ចូលរួមទាំងអស់គ្នា! សូមចាត់វិធានការនិងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ។ មិនថា អ្នកមានខ្សែ ឬ អ្នកខ្លាំងប៉ុណ្ណានោះទេ សូមចូលរួមរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេសរបស់យើង”៕