ចៅក្រមបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន២នាក់ទៀតដែលជាបក្ខពួកបុគ្គលឈ្មោះ ឡេង ចាន់ណា
នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន២នាក់ទៀតដែលជាបក្ខពួកបុគ្គលឈ្មោះ ឡេង ចាន់ណា ជាអគ្គនាយកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ដាក់ពន្ធនាគារខេត្តសៀមរាបបណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ជនត្រូវចោទទាំង២នាក់រួមមាន៖ ១. ឈ្មោះ អ៊ីម ស្រីវុទ្ធ ភេទស្រី អាយុ ៣៥ឆ្នាំ និង២. ឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ។
ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង២នាក់ខាងលើ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានគូសបញ្ជាក់ថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ។
យ៉ាងណាមិញ ជនត្រូវចោទទាំង២នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យនាំខ្លួនមកបង្ហាញនៅចំពោះមុខចៅក្រមស៊ើបសួរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងពីបទ សម្អាតប្រាក់។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានគូសបញ្ជាក់បន្ថែមថា សាលាដំបូងខេត្តសៀមរាមនឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាប នឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់នាពេលក្រោយទៀត នៅពេលមានចំណាត់ការថ្មី។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានមនុស្ស៤នាក់ហើយជាបក្ខពួករបស់ជនត្រូវចោទ ឡេង ចាន់ណា ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំការស៊ើបសួរបន្តតាមនីតិវិធីច្បាប់។ ចំពោះជនត្រូវចោទ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានប្ដឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់៕